ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ទាហានឈុតខ្មៅថៃបានដើរជាន់មីនដាច់ជើងម្នាក់ពេលកំពុងល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ហើយទាហានឈុតខ្មៅរូបនេះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ជំហ៊ានដំបូង កងទ័ពថៃចោទប្រកាន់ដូចមុនថា កងទ័ពកម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីខ្លួន ទើបបណ្តាលឱ្យកងទ័ពថៃរងរបួស និងដាច់ជើងជាបន្តបន្ទាប់ ។
នាវេលាម៉ោង៩និង១០នាទី ថ្ងៃទី១២ ខែសីហា កងទ័ពជើងគោកថៃបានទទួលសេចក្តីរាយការណ៍ថា ទាហានឈុតខ្មៅមកពីកងវរសេនាតូចថ្មើរជើង លេខ២៦១០ បានដើរយាមល្បាតនៅបរិវេណប្រាសាទតាមាន់ធំ ត្រង់ចំណុចរបងលួស ស្រាប់តែដើរជាន់មីនផ្ទុះបណ្តាលឱ្យទាហានឈុតខ្មៅម្នាក់ដាច់ជើងម្ខាង ។ ក្រោយកើតហេតុ ក៏មានការបញ្ជូនទាហានឈុតខ្មៅទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯព័ត៌មានលម្អិតផ្សេងៗពុំទាន់ជ្រាបនៅឡើយទេ ។
ដោយឡែក សារព័ត៌មានថៃ Khaosod រាយការណ៍ថា ទាហានឈុតខ្មៅថៃដែលដើរជាន់មីននេះ ឈ្មោះ ធីរៈផុន ផៀខាន់ធី រងរបួសធ្ងន់ធ្ងរ រហូតដល់ដាច់ជើងខាងឆ្វេង ។ ភាគីថៃចោទប្រកាន់ថា ក្រោយពីការប៉ះទង្គិចគ្នានៅព្រំដែនកន្លងមក កងទ័ពកម្ពុជាបានដកថយកម្លាំង និងបង្កប់មីនថ្មីក្នុងទឹកដីថៃ ។
គួរបញ្ជាក់ថា មុនកងទ័ពថៃបង្កសង្គ្រាមឈ្លានពាន និងបាញ់ប្រហារមុនមកលើកម្ពុជា គឺសារព័ត៌មាននានារបស់ថៃផ្សាយបំភ្លៃ និងចោទប្រកាន់ថា កងទ័ពថៃបានដើរជាន់មីនជាបន្តបន្ទាប់ ដោយសារកងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួន ។ ពេលកម្ពុជា-ថៃបញ្ចប់សង្គ្រាម ដោយប្រទេសទាំងពីរបានចរចាធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយកម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះយ៉ាងម៉ឺងម៉ាត់ ស្រាប់តែថៃស្រែកថា កងទ័ពខ្លួនជាន់មីនទៀតហើយ ។ សួរថា តើកងទ័ពថៃដើរល្បាតក្នុងទឹកដីខ្លួន ឬក៏ល្បាតក្នុងទឹកដីកម្ពុជា ពីព្រោះពេលកងទ័ពថៃជាន់មីន ពួកគេតែងតែទម្លាក់កំហុស និងចោទប្រកាន់កម្ពុជាម្តងហើយម្តងទៀត ។
ថ្មីៗនេះ ថៃស្រែកថា កងទ័ពថៃខ្លួនចំនួន៣នាក់ បានជាន់មីនពេលដើរល្បាតនៅស្រុកកាន់ថាឡាក ខេត្តស៊ីសាកេត បណ្តាលឱ្យរងរបួសដាច់ជើង របួសដៃ និងត្រចៀក ហើយថៃក៏ទម្លាក់កំហុសមកលើកម្ពុជាតាមទម្លាប់ ។ ពេលធ្វើសង្គ្រាមបាញ់គ្នាអត់មានជាន់មីនទេ ដល់ពេលឈប់បាញ់ ថៃបែរជាស្រែកថាជាន់មីន ម៉េចមិននៅឱ្យស្ងៀម? តើនេះជាល្បិចថ្មីឬ?
អាជ្ញាធរមីនកម្ពុជាបានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃលើករណីកងទ័ពថៃ៣នាក់រងគ្រោះថ្នាក់ដោយសារមីននៅតំបន់ព្រំដែន ដែលចោទប្រកាន់ថា កម្ពុជាដាក់មីនថ្មី ។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់មីនថ្មីជាដាច់ខាត កម្ពុជាមានមោទកភាពក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ។ កម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។
មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈណាមួយ ។ ការចោទប្រកាន់ដោយគ្មានការពិតនឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នាក្នុងស្ថានភាពនេះ ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេស ចំណុចទី២ ដែលចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនឈរជើងឡើយ ៕










