ប្រទេសថៃ ៖ អ្នកនាំពាក្យគណបក្សភឿថៃបានបដិសេធពាក្យចចាមអារ៉ាមដែលថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នឹងលាលែងពីតំណែងមុនពេលតុលាការធម្មនុញ្ញសម្រេចលើសំណុំរឿងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ ប៉ុន្តែបើលោកស្រី ផេថងថាន ធ្លាក់ពីតំណែង គឺគណបក្សនៅមានបេក្ខជននាយករដ្ឋមន្ត្រីថ្មី រីឯការជឿជាក់របស់ពលរដ្ឋលើកងទ័ពខ្លាំងជាងរដ្ឋាភិបាលជារឿងល្អ ខណៈរដ្ឋាភិបាលសហការជាមួយកងទ័ពជាធ្លុងមួយ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
លោក ដាក់នុផន ប៉ុនណៈកាន់ អ្នកនាំពាក្យគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១០ ខែសីហា ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមថា លោកស្រី ផេថងថាន ដែលបច្ចុប្បន្ន កាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ មុនពេលតុលាការធម្មនុញ្ញសម្រេចលើសំណុំរឿងការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា គណបក្សភឿថៃពុំបានពិភាក្សាពីបញ្ហាការលែងពីតំណែងរបស់លោកស្រី ផេថងថាន ទេ ។ ក្រោយពីបានជជែកជាមួយលោក ព្រំមីន ឡឺតស៊ុរិឌេត លេខាធិការនាយករដ្ឋមន្ត្រីប្រាប់ថា គ្មានការជជែករឿងការលាលែងពីតំណែងរបស់លោកស្រី ផេថងថាន ឡើយ ។

លោក ដាក់នុផន បន្តថា គណបក្សភឿថៃបានជជែកគ្នាពីដំណោះស្រាយ ប្រសិនបើលោកស្រី ផេថងថាន ត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងទៀត គឺលោកស្រីអាចបំពេញភារកិច្ចបន្ត ប៉ុន្តែបើលោកស្រីត្រូវតុលាការធម្មនុញ្ញសម្រេចឱ្យចុះចេញពីតំណែង គឺគណបក្សភឿថៃនឹងទទួលយកការកាត់ក្តីរបស់តុលាការ ។ គណបក្សភឿថៃនៅមានបេក្ខជននាយករដ្ឋមន្ត្រីថ្មី គឺលោក ឆ័យកាសេម និទិស៊ិរិ ដែលលោកអាចអនុវត្តគោលនយោបាយ និងថវិកាអនុម័តដោយសភាបន្តទៀត ។
ក្រៅពីនេះ អ្នកនាំពាក្យគណបក្សភឿថៃ ក៏បានលើកឡើងពីលទ្ធផលការស្ទង់មតិពលរដ្ឋ អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលលទ្ធផលការស្ទង់មតិបង្ហាញពលរដ្ឋថៃជឿជាក់លើកងទ័ពខ្លាំងជាងរដ្ឋាភិបាលថា កងទ័ពជាជួរមុខនៅក្នុងតំបន់ ហើយពលរដ្ឋជឿជាក់លើកងទ័ពជារឿងល្អ ខណៈរដ្ឋាភិបាលសហការជាមួយកងទ័ពជាធ្លុងមួយ ដោយមានការបង្កើតគណៈកម្មការជាច្រើនសម្រាប់ធ្វើការរួមគ្នារវាងកងទ័ព និងរដ្ឋាភិបាល ។ ហេតុនេះ ពលរដ្ឋជឿជាក់លើកងទ័ពដែលរួមគ្នាធ្វើការជាមួយរដ្ឋាភិបាល គឺជារឿងល្អប្រសើរ ត្រឹមត្រូវ សូមឱ្យពលរដ្ឋជឿជាក់លើការធ្វើការរបស់កងទ័ព ។

ចំណែកលទ្ធផលការស្ទង់មតិពលរដ្ឋថៃបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាល លោក ដាក់នុផន ប្រាប់ថា ខ្នងបង្អែករបស់ប្រទេសថៃ និងរដ្ឋាភិបាលថៃ គឺកងទ័ពបំពេញភារកិច្ចការពារអធិបតេយ្យភាព ។ យើងពុំអាចបដិសេធកងទ័ពដែលជាកងកម្លាំងរក្សាប្រទេសនោះទេ ពលរដ្ឋជឿជាក់លើកងទ័ព គឺជារឿងត្រឹមត្រូវ ៕










