ចេះតែនឹកឃើញហ្មង! រដ្ឋាភិបាលថៃបានតែងតាំងតារាសម្តែង និងជាអតីតបវរកញ្ញាថៃ អ្នកស្រី Panadda Wongphudee ឬ “Boom” ជាអ្នកនាំពាក្យស្ម័គ្រចិត្តបៅក្នុងក្រសួងការពារជាតិថៃ ដើម្បីប្រឆាំងនឹងលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ រដ្ឋាភិបាលថៃលើកឡើងយ៉ាងអំនួតថា អ្នកស្រី Panadda ពិតជាស័ក្តិសមនឹងតំណែងនេះណាស់ ហើយថែមទាំងមានសម្រស់ស្រស់ស្អាតជាងលោកស្រី ម៉ាលី សុជាតា ទៅទៀត។

បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី9 ខែសីហា ឆ្នាំ2025 បានឲ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Nattaphon Narkphanit បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកស្រី Panadda នឹងធ្វើជាអ្នកតំណាងមជ្ឈមណ្ឌលអាដហុកសម្រាប់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឆ្លើយតបជាពិសេសចំពោះការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

លោក Nattaphon លើកឡើងថា “ការតែងតាំងនេះគឺដើម្បីប្រឆាំងនឹងឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា” និងនិយាយបន្ថែមដោយស្នាមញញឹមថា អ្នកស្រី Panadda “ស្អាតជាង” អ្នកនាំពាក្យរបស់សមភាគីកម្ពុជា ដែលជម្រុញឲ្យការអត្ថាធិប្បាយរបស់អ្នកស្រី Panadda កាន់តែទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត។

គួរជម្រាបថា អ្នកស្រី Panadda Wongphudee គឺជាម្ចាស់មកុដបវរកញ្ញាថៃក្នុងឆ្នាំ 2000 ហើយក្រោយមកបានសាងអាជីពក្នុងវិស័យកម្សាន្តក្នុងនាមជាតារាសម្ដែង និងតារាបង្ហាញម៉ូតដែលល្បីចំពោះភាពសិច.សុីផងដែរ។ ក្រៅពីល្បីព្រោះសម្រស់ និងភាពសិច.សុី តារាស្រីរូបនេះក៏ល្បីខាងពូកែនិយាយបំភ្លើសបំភ្លៃការពិត និងធ្លាប់និយាយប្រមា.ថមើលងាយជាតិសាសន៍ខ្មែរកប់ៗមាត់ណាស់ដែរកន្លងមក។

ការតែងតាំងនាងត្រូវបានធ្វើឡើងចំពេលមានជម្លោះការទូត និងយោធារវាងកម្ពុជា និងថៃទោះបីជាមានកិច្ចព្រមព្រៀងកាលពីចុងខែកក្កដា ដើម្បីសង្កេតមើលបទឈប់បា.ញ់ និងបន្តការសន្ទនាតាមរយៈគណៈកម្មាធិការព្រំដែនទូទៅក៏ដោយ។
មិនយល់ថាថៃគិតយ៉ាងម៉េចនោះទេ ទើបបានជាសុខៗនឹកឃើញចង់លើកយកតារាមកធ្វើជាអ្នកការទូតនាំពាក្យរដ្ឋាភិបាលដូច្នេះទៅវិញ។ នេះអាចជាចេតនារបស់ថៃ ដើម្បីបង្កើតចំណាប់អារម្មណ៍របស់អន្តរជាតិនៅពេលឡើងថ្លែងសន្ទរកថា។ តែទោះជាយ៉ាងណា ការប្រៀបធៀបសម្រស់របស់តារាស្រីរូបនេះ ជាមួយនឹងលោកស្រី ម៉ាលី សុជាតា ដែលមានចំណេះដឹងជ្រៅជ្រះ និងកម្រិតវប្បធម៌ខ្ពស់ដូចខាងលើនេះ ហាក់ជារឿងមិនសមហេតុផលទាល់តែសោះ៕









