ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ នេះ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពថៃបានដើរជាន់មីនបណ្តាលឱ្យរងរបួសចំនួន៣នាក់ ក្នុងអំឡុងពេលពង្រាយកម្លាំងល្បាតតាមផ្លូវដើម្បីដាក់លួសបន្លាការពារនៅខេត្តស៊ីសាកេត បរិវេណភ្នំទ្រព្យ ។ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បញ្ជាឱ្យប្រមូលភស្តុតាងដើម្បីដាក់ពាក្យប្តឹងកម្ពុជាតាមផ្លូវច្បាប់ ដោយលោកចោទប្រកាន់កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ហើយលោកជឿថា ហេតុការណ៍នេះនឹងពុំរាលដាលឈានទៅការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃម្តងទៀតទេ ។
លោក រីតឆា សុខស៊ុវ៉ាណុន អ្នកនាំពាក្យរងកងទ័ពជើងគោកថៃបាននិយាយនៅថ្ងៃទី៩ ខែសីហា ថា តាមការត្រួតពិនិត្យក្រោយពីហ្វេសប៊ុកផេកកងទ័ពភូមភាគ២ បានបង្ហោះ គឺនៅថ្ងៃនេះ (ថ្ងៃទី៩ ខែសីហា) កងទ័ពថៃបានដើរជាន់មីនបណ្តាលឱ្យរងរបួសចំនួន៣ ពេលកំពុងតែល្បាតការពារតំបន់ ។.jpg)
មជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពភូមិភាគ២ បានប្រកាសពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៩ ខែសីហា ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែសីហា កងទ័ពថៃវរសេនាធំថ្មើរជើងលេខ ១១១ បានពង្រាយកម្លាំងល្បាតតាមផ្លូវដើម្បីដាក់លួសបន្លាការពារនៅបរិវេណភ្នំទ្រព្យ ប៉ុន្តែពេលកំពុងពិនិត្យមើលតំបន់ ស្រាប់តែកងទ័ព៣នាក់ បានជាន់មីនបណ្តាលឱ្យរងរបួស ដូចជា ៖ ដាច់កងជើងឆ្វេង, របួសដៃ និងត្រចៀក ហើយកងទ័ពថៃរងរបួសទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចរាល់ហើយ ។
នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបង្ហាញការសោកស្តាយចំពោះកងទ័ពថៃដែលរងរបួសទាំង៣នាក់ ដោយសារជាន់មីននៅខេត្តស៊ីសាកេត នាវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែសីហា ។ លោកបានបញ្ជាឱ្យប្រមូលភស្តុតាងដើម្បីដាក់ពាក្យប្តឹងកម្ពុជាតាមផ្លូវច្បាប់ ដោយលោកចោទប្រកាន់ថា កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ហើយលោកជឿថា ហេតុការណ៍នេះនឹងពុំរាលដាលឈានទៅការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃម្តងទៀតទេ ៕










