ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានស្នើឱ្យអនុវត្តឲ្យបានលឿននូវផលិតផលបច្ចេកវិទ្យាយុទ្ធសាស្រ្តចំនួន ៣ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ផលិតផលទាំងនេះនឹងត្រូវជ្រើសរើសចេញពីបញ្ជីបច្ចេកវិទ្យាដែលមានអាទិភាពចំនួន ៦ រួមមាន៖ ឧបករណ៍បណ្តាញទូរស័ព្ទចល័ត 5G ប្រើស្តង់ដារ Open Radio Access Network (Open RAN) គំរូភាសាវៀតណាមជាធំ និងជំនួយការនិម្មិត (virtual assistants) មនុស្សយន្តចល័តដោយស្វ័យប្រវត្តិ វេទិកាដានដើមកំណើត (traceability) ដោយប្រើ blockchain យានជំនិះគ្មានមនុស្សបើក (UAVs) និងកាមេរ៉ា Edge AI។ នេះបើតាមសារព័ត៌មានក្នុងស្រុក VnExpess ។

បញ្ជី ៦ នេះ ត្រូវបានដាក់ស្នើរួចរាល់ហើយទៅកាន់នាយករដ្ឋមន្ត្រីដើម្បីអនុម័ត។ យ៉ាងណាមិញ វាក៏ត្រូវបានជ្រើសរើសចេញពីបញ្ជីក្រុមបច្ចេកវិទ្យាចំនួន ១១ និងក្រុមផលិតផលយុទ្ធសាស្រ្តចំនួន ៣៥ ដែលបានកំណត់កាលពីខែមិថុនាផងដែរ។.png)
ក្នុងសន្និសីទសារព័ត៌មានមួយកាលថ្ងៃអង្គារ (ទី៥ ខែសីហា) លោក Hoang Anh Tu អនុប្រធានដេប៉ាតឺម៉ង់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស្វកម្ម បាននិយាយថា យុទ្ធសាស្រ្តនេះនឹងជាកម្មវិធីសាកល្បង ដែលផ្តល់បទពិសោធន៍សម្រាប់គម្រោងអនាគត បង្កើនការច្នៃប្រឌិត និងបញ្ជាក់ពីសមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រងបច្ចេកវិទ្យាជាស្នូល។ នៅពេលកំណត់ផលិតផលទាំង ៣ រួច ក្រសួងនឹងដំណើរការផែនការអភិវឌ្ឍសម្រាប់ផលិតផលទាំងនេះ រួមទាំងគោលដៅផលិតកម្ម កាលកំណត់ ប្រាក់ថវិកា និងគោលនយោបាយដើម្បីគាំទ្រគ្រប់ដំណាក់កាល ចាប់ពីការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងឈានទៅដល់ការធ្វើពាណិជ្ជកម្មផងដែរ។

លោកបានបន្ថែមទៀតថា ក្រសួងបានប្រឹក្សាជាមួយសហគ្រាស ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅហាណូយ ព្រមទាំងទីក្រុងហូជីមិញ ដើម្បីកំណត់បច្ចេកវិទ្យា វាយតម្លៃទំហំនៃការវិនិយោគ និងវាយតម្លៃភាពរួចរាល់ក្នុងការអភិវឌ្ឍ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានប្រកាសផែនការផ្តល់ថវិកា ដោយអញ្ជើញអង្គការ បុគ្គល និងសហគ្រាស ដើម្បីដាក់ស្នើគម្រោងអភិវឌ្ឍផងដែរ។
.png)
ទោះជាយ៉ាងណា មូលនិធិជាតិសម្រាប់ការអភិវឌ្ឍន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាកំពុងស្ថិតក្នុងដំណើរការរៀបចំឡើងវិញ ដើម្បីសម្រួលនីតិវិធី និងបង្កើនប្រសិទ្ធភាពមូលនិធិឡើងវិញ។ លោក Tu បាននិយាយថា “នៅពេលដែលភារកិច្ចត្រូវបានអនុម័ត និងប្រគល់ឱ្យអង្គការដែលមានសមត្ថភាព មូលនិធិនឹងចេញថវិកាភ្លាមៗសម្រាប់អនុវត្តគម្រោង ដោយមិនចាំបាច់រង់ចាំថវិកាប្រចាំឆ្នាំឡើយ”។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក Nguyen Manh Hung បានបញ្ជាក់ជាបន្តបន្ទាប់ក្នុងកិច្ចប្រជុំថា វៀតណាមកំពុងផ្លាស់ប្តូរពីប្រទេសប្រើប្រាស់បច្ចេកវិទ្យានាំចូល ទៅជាប្រទេសដែលកាន់កាប់ និងដឹកនាំបច្ចេកវិទ្យាយុទ្ធសាស្រ្តផងដែរ។.jpg)
សូមរំលឹកថា វិធីសាស្រ្តនេះនឹងចាប់ផ្តើមពីការកំណត់បញ្ហា និងយុទ្ធសាស្រ្ត ហើយនឹងបន្តទៅការបង្កើតផលិតផលយុទ្ធសាស្រ្ត បន្ទាប់មកកសាងសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យា ហើយនៅចុងក្រោយនឹងវិលត្រឡប់ទៅការស្រាវជ្រាវវិទ្យាសាស្រ្តមូលដ្ឋានវិញ៕









