ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា សមាជិកព្រឹទ្ធសភាថៃបានស្នើឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារកងទ័ព សមត្ថកិច្ច គ្រូបង្រៀន និងពលរដ្ឋនៅបណ្តាខេត្តភាគខាងត្បូងដែលបានស្លា.ប់ដោយសារការពារទឹកដីផង គឺពួកគេគួរតែទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដូចគ្នានឹងគ្រួសាររបស់កងទ័ពដែលស្លា.ប់នៅព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យស្មើភាពគ្នា ។
សមាជិកព្រឹទ្ធសភា លោក ឆៃយ៉ុង ម៉ានីរុងសាគុន បាននិយាយនៅថ្ងៃទី៨ ខែសីហា ថា កងទ័ព សមត្ថកិច្ច និងពលរដ្ឋជាច្រើននាក់បានសុំភាពយុត្តិធម៌ពីសមាជិកព្រឹទ្ធសភារឿងរដ្ឋាភិបាលមានគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន១០លានបាតសម្រាប់កងទ័ព និងសមត្ថកិច្ចដែលស្លាប់ដោយសារសង្គ្រាមជាមួយកម្ពុជា ។ រីឯពលរដ្ឋស្លាប់ដោយសារសង្គ្រាមនេះ រដ្ឋាភិបាលត្រៀមផ្តល់ប្រាក់ចំនួន៨លានបាត ។
ពលរដ្ឋថៃនៅបណ្តាខេត្តភាគខាងត្បូងបានសុំភាពយុត្តិធម៌ ដែលពួកគេជាគ្រួសាររបស់អ្នកស្លាប់ ជនពិការ និងអ្នករងរបួស ដោយសារការពារទឹកដីនៅភាគខាងត្បូង ។ ពួកគេយល់ស្របដែលរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យគ្រួសារសាកសពដែលស្លាប់ដោយសារធ្វើសង្គ្រាមជាមួយកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក៏ត្រូវផ្តល់ប្រាក់ឧបត្ថម្ភឱ្យគ្រួសារកងទ័ព សមត្ថកិច្ច អ្នកស្ម័គ្រចិត្ត និងពលរដ្ឋ ដែលបានស្លាប់ដោយសារការពារទឹកដីភាគខាងត្បូងផងដែរ ។
សមាជិកព្រឹទ្ធសភា លោក ឆៃយ៉ុង បានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារសាកសពដែលស្លាប់ដោយសារការពារទឹកដីដូចគ្នានៅទូទាំងប្រទេស ដោយសារពលរដ្ឋនៅខេត្តភាគខាងត្បូងបានស្លាប់ ពិការ និងរងរបួស គឺពលរដ្ឋតម្លៃស្មើៗគ្នា ។ បើរដ្ឋាភិបាលផ្តល់ប្រាក់ឱ្យកងទ័ព និងពលរដ្ឋស្លាប់ រងរបួសដោយសារសង្គ្រាមជាមួយកម្ពុជាស្មើទឹកប្រាក់ប៉ុន្មាន ក៏ត្រូវផ្តល់ឱ្យពលរដ្ឋនៅភាគខាងត្បូងក្នុងទឹកប្រាក់ស្មើគ្នា ឬប្រហាក់ប្រហែលគ្នាដើម្បីភាពយុត្តិធម៌ ។
រយៈពេល២១ឆ្នាំមកនេះ ពលរដ្ឋនៅភាគខាងត្បូងបានស្លាប់រហូតដល់ជាង៧,០០០នាក់ និងរងរបួសរាប់ម៉ឺននាក់ ។ ដូច្នេះ សូមរដ្ឋាភិបាលពិចារណារឿងការផ្តល់ប្រាក់ឧបត្ថម្ភដល់កងទ័ព សមត្ថកិច្ច និងពលរដ្ឋនៅភាគខាងត្បូងក្នុងចំនួនស្មើគ្នាដូចពលរដ្ឋរស់នៅបណ្តាខេត្តជាប់កម្ពុជា ដោយសារពលរដ្ឋនៅភាគខាងត្បូងពុំពេញចិត្តជាមួយរដ្ឋាភិបាលយ៉ាងខ្លាំង ។ នេះបើតាមការលើកឡើងរបស់លោក ឆៃយ៉ុង ៕










