ប្រទេសវៀតណាម ៖ សមាគមអ្នកនាំចេញអង្ករថៃឱ្យដឹងថា វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករច្រើនទៅកាន់ពិភពលោក ស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ។ រីឯឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករច្រើនជាងគេលំដាប់ទី១ ខណៈថៃធ្លាក់មកលំដាប់ទី៣ ដោយសារពុំអាចប្រកួតប្រជែងតម្លៃអង្ករជាមួយឥណ្ឌា និងវៀតណាមលើទីផ្សារពិភពលោក ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។
.png)
បើតាមទិន្នន័យ គឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល៦ខែ) បរិមាណការនាំចេញអង្ករទៅកាន់ពិភពលោករបស់ឥណ្ឌា ស្ថិតក្នុងលំដាប់ទី១ ស្មើនឹង១១លាន៦សែន៨ម៉ឺនតោន កើនឡើង៣៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។
បន្ទាប់មក គឺវៀតណាមបាននាំចេញអង្ករទៅកាន់ពិភពលោក លំដាប់ទី២ ស្មើនឹង៤លាន៧សែន២ម៉ឺនតោន កើនឡើង៣.៦% រីឯការនាំចេញអង្កររបស់ថៃ លំដាប់ទី៣ ស្មើនឹង៣លាន៧សែន៣ម៉ឺនតោន ធ្លាក់ចុះ២៧.៣% ។ ក្រៅពីនេះ ការនាំចេញអង្កររបស់ប៉ាគីស្ថាន ស្មើនឹង២លាន៧សែន៦ម៉ឺនតោន ធ្លាក់ចុះ២០.២% និងការនាំចេញអង្ករអាមេរិក ស្មើជាង១លានតោន ធ្លាក់ចុះ២៣.៥% ។.png)
បច្ចុប្បន្ន វៀតណាមបានបង្កើតពូជស្រូវជាច្រើនប្រភេទ និងអាចលក់អង្ករតម្លៃថោកជាងគូប្រជែងក្នុងតំបន់ ដូចជាថៃ ដោយសារវៀតណាមចំណាយដើមទុនផលិតស្រូវទាប ហើយកសិករវៀតណាមផលិតស្រូវជាច្រើនប្រភេទ និងអាចប្រមូលផលស្រូវច្រើនលើកក្នុង១ឆ្នាំៗ ។ វៀតណាមបាននាំចេញអង្ករទៅកាន់ទីផ្សារសំខាន់ៗ រួមមាន ៖ ហ្វីលីពីន អាហ្វ្រិក និងចិន ខណៈតម្លៃអង្ករនាំចេញរបស់វៀតណាមក្នុងរយៈពេល៦ខែឆ្នាំនេះ គឺជាមធ្យមស្មើ៥១៧ដុល្លារក្នុង១តោន ។
ដោយឡែក ប្រទេសដែលនាំចូលអង្ករថៃ រួមមាន ៖ អ៊ីរ៉ាក់បាននាំចូលអង្ករថៃ ចំនួន៥៨២,៧០៣តោន ស្មើ១៥.៦% បន្ទាប់មក សហរដ្ឋអាមេរិកបាននាំចូលអង្ករថៃ ចំនួន៤៣០,៦០៣តោន ស្មើ៧.៤% និងអាហ្វ្រិកនាំចូលអង្ករថៃ ចំនួន៣៥៩,០៣១តោន ស្មើ២.៥% ។
តាមការលើកឡើងរបស់នាយកសមាគមអ្នកនាំចេញអង្ករថៃ លោក ចារឺន ឡាំថាំម៉ាថាត់ គឺតម្លៃការនាំចេញអង្ករថៃរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ស្មើទឹកប្រាក់ជាង៧ម៉ឺនលានបាត ធ្លាក់ចុះ៣៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។ កាលពីខែកក្កដាកន្លងមក ថៃបាននាំចេញអង្ករជាង៦សែនតោន ដោយសារអ៊ីរ៉ាក់ ចិន ជប៉ុន និងប្រទេសមួយចំនួននៅអាហ្វ្រិកបានបង្កើនការកុម្ម៉ង់ទិញអង្ករថៃមានតម្លៃធ្លាក់ចុះ ។
.png)
ប៉ុន្តែតម្លៃអង្ករថៃនៅចុងខែកក្កដា បានធ្លាក់ចុះជាបន្តបន្ទាប់ ស្របពេលនៅលើទីផ្សារពិភពលោកមានអង្ករលើសតម្រូវការ ដោយសារប្រទេសផលិតអង្ករសំខាន់ៗបានផលិតអង្ករកាន់តែច្រើន ទើបធ្វើឱ្យតម្រូវការនាំចូលអង្កររបស់ប្រទេសនានាធ្លាក់ចុះ ។ ហេតុនេះ នៅលើទីផ្សារពិភពលោកមានការប្រកួតប្រជែងតម្លៃអង្ករយ៉ាងខ្លាំង ៕










