(ភ្នំពេញ)៖ ព្រះសង្ឃ និងញាតិញោមពុទ្ធបរិស័ទជាង ១ ០០០អង្គ/នាក់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទាន និងបង្សុកូលឧទ្ទិសមហាកុសល យ៉ាងអធិកអធមជូនដល់វីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ នេះបើតាមការឲ្យដឹងរបស់ សាលាគណរាជធានីភ្នំពេញ។
នៅថ្ងៃទី8 ខែសីហា ឆ្នាំ2025 សាលាគណរាជធានីភ្នំពេញ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត វត្តបទុមវតីរាជវរារាម បានដឹកនាំព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទជាង 1 ០០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទាន បង្សុកូល និងប្រគេនចង្ហាន់ព្រះសង្ឃ សមណសិស្ស ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពខ្មែរដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិពីសត្រូវឈ្លានពាន។

ពិធីនេះមានការធ្វើនមស្ការព្រះរតនត្រ័យ និងសមាធិ ៣០នាទី, សមាទានសីល និងវេរភត្តាហារប្រគេនព្រះសង្ឃ សមណសិស្ស ,ព្រះសង្ឃ បានធ្វើភត្តានុមោទនា បង្សុកូលប្រមូលបុណ្យកុសលឧទ្ទិសដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ដើម្បីសេចក្តីសុខសន្តិភាព ស្ថេរភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរជាយូរអង្វែងតរៀងទៅ។
គួរជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ ជាអ្នកចាប់ផ្ដើមវា.យប្រហារមកលើកម្ពុជាមុន នៅចំណុចប្រាសាទតាមាន់ធំ។ សង្រ្គាមដែលបានអូសបន្លាយអស់រយៈពេល៥ថ្ងៃមុនមានបទឈប់បា.ញ់ ដែលចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា នៅម៉ោង២៤៖០០នាទីយប់ បានបណ្ដាលឲ្យវរជនកម្ពុជាចំនួន 45 រូបបានពលីជីវិត។
មិនត្រឹមឈ្លានពាន និងវាយប្រហារកម្ពុជាមុននោះទេ យោធាថៃថែមទាំងបានប្រើប្រាស់នូវអាវុធធន់ធ្ងន់ជាច្រើនរួមមានយន្តហោះចម្បាំង F-16 និងគ្រាប់បែ.កចង្កោមជាដើម។ ទាហានឈ្លានពានថៃទាំងនោះបានវា.យប្រហារលើលើមូលដ្ឋានជនសុីវិល ដោយបានបំផ្លិចបំផ្លាញវត្តអារាម, មណ្ឌលសុខភាព, ភូមិឋានប្រជាពលរដ្ឋ និងប្រាសាទព្រះវិហារជាដើម៕










