តារាកំប្លែង ពាក់មី បានបង្ហាញថារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៨០%គឺលោកនៅលើឡានចេញពីផ្ទះម៉ោង៧ព្រឹកដល់ផ្ទះវិញម៉ោង៣-៤ទៀបភ្លឺ ហើយប្រពន្ធរបស់លោកក៏មកលំបាកជាមួយទៀត។ ទោះជាយ៉ាងណា តារាកំប្លែងល្បីឈ្មោះរូបនេះបានបញ្ជាក់ថាដ្បិតតែមានការលំបាកបែបនេះក្តីប៉ុន្តែមិនបានមួយចំណិតវីរកងទ័ពដែលការពារទឹកដីនោះទេ។លោកក៏សង្ឃឹមថាប្រទេសកម្ពុជានឹងមានសន្តិភាពឡើងវិញឆាប់នេះៗ។

នៅយប់ថ្ងៃទី៦ សីហា លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហោះរូបមួយសន្លឹកនៅលើបណ្តាញសង្គមអមដោយខ្លឹមសារថា «នៅផ្ទះ ដេកស៊ីស្រួល មិនចង់ទេ មកវេទនាតាមប្តី ។ ប៉ុន្មានថ្ងៃនេះ ជីវិតខ្ញុំ80% រស់នៅលើឡានរហូត – ប្រាសាទតាមាន់ ២ដង
– អន្លង់វែង ១ដង – សំរោង ចុងកាល់ ២ដង – ជាំក្សាន្ត ១ដង – ក្រឡាញ់១ ដង
ចេញម៉ោង៧ព្រឹក ដល់ផ្ទះវិញម៉ោង៣ភ្លឺ៤ភ្លឺ »។.png)
ទោះជាបែបនេះក្តីតារាកំប្លែងពាក់មី ថាការលំបាកនេះមិនស្មើនឹងកងទ័ពជួរមុខដែលឈរការពារទឹកដីហូបតែអាហារក្រៀមនោះទេ។ លោកបានរៀបរាប់ថា «ការលំបាកនេះ មិនបានមួយចំណិតនៃការលំបាករបស់វីរកងទ័ពយើងទេ នៅកណ្តាលព្រៃ គេងក្នុងត្រង់សេ ភ្លៀងមកទទឹករងា បែកផុក ហូបបានតែអាហាក្រៀមក្រោះ ព្រោះនៅភ្នំ ក្នុងលេណដ្ឋាន មិនអាចដាំស្លអីបានទេ ពឹងលើកងទ័ពខាងក្រោយ ស្ពាយឡើងភ្នំយកទៅ តស៊ូដើម្បីការពារទឹកដី មានតែពាក្យថាអរគុណនិងដឹងគុណវីរកងទ័ពយើងទាំងអស់ សូមឱ្យប្រទេសយើងឆាប់បានសន្តិភាពត្រឡប់មកវិញ»។
គួរបញ្ជាក់ផងដែរថាមុននឹងសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា តារាកំប្លែងពាក់មី និងគ្រួសារគឺបានទៅលេងប្រាសាទតាក្របី និងបាននាំលោកតាលោកយាយ អ៊ំពូមីង បងប្អូន អ្នកខេត្តស្វាយវៀង វេចនំអន្សម១០០០នំ ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ។ នៅពេលប្រទេសជួបទុក្ខលំបាកមានទាំងកងទ័ពពលី រងរបួស ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹកតារាកំប្លែង ពាក់មី ក៏បានស្វះស្វែងក្នុងសកម្មភាពមនុស្សធម៌ផងដែរ៕










