(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យយោធិនដែលមានស្នាក់សាក់ពេញដងខ្លួន ចូលមកបំពេញការងារក្នុងក្របខណ្ឌកងកម្លាំងណាមួយជាដាច់ខាត។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីភាគីថៃបានអះអាងថា ចាប់បានបុរសម្នាក់ដែលមានសាក់ពេញខ្លួនថាជាកងកម្លាំង BHQ របស់កម្ពុជា បានសម្ងំធ្វើជាចារកម្មនៅក្នុងប្រទេសថៃ។

នាថ្ងៃពុធទី6 ខែសីហា ឆ្នាំ2025 បណ្ដាញសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាត ពីករណីដែលមន្រ្តីប៉ូលីសថៃនៅខេត្តបូរីរម្យ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាប់សង្ស័យថាជាជនបង្កប់ដែលលាក់ខ្លួនចាំយកការពីចលនាយោធានៅក្នុងប្រទេសថៃប្រាប់ទៅខាងកម្ពុជា។ បើតាមរូបភាពដែលសារព័ត៌មានថៃបានចុះផ្សាយ គឺប៉ូលីសថៃរឹបអូសបានកាំភ្លើ.ង ឯកសណ្ឋាន មួក និងអាវក្រោះ រួមជាមួយបុរសម្នាក់ដែលសាក់ពេញខ្លួន ត្រូវបានគេចោ.ទប្រកាន់ថា គឺជាទាហានខ្មែរដែលមានតួនាទីនៅបញ្ជាការដ្ឋានកងអង្គរក្យពិសេស BHQ របស់កម្ពុជា។
នៅល្ងាចថ្ងៃដដែល លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មាន ស្ដីពី«លទ្ធផលនៃការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃ» ថា៖ កម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងចំពោះការអះអាងរបស់មន្រ្តីប៉ូលីស និងសារព័ត៌មានថៃ ចំពោះការលើកឡើងពីបុគ្គលម្នាក់ដែលចាប់ខ្លួនបាននោះ គឺជាកងអង្គរក្សពិសេសរបស់កម្ពុជា។

លោកស្រីអ្នកនាំពាក្យបានបញ្ចាក់យ៉ាងច្បាស់ៗថា៖ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទកម្ពុជា មិនអនុញ្ញាតឱ្យយោធិនរបស់ខ្លួន ដែលមានស្នាមសាក់ពាសពេញដងខ្លួនបែបនេះ ចូលបម្រើក្នុងក្របខណ្ឌណាមួយរបស់កងកម្លាំងកម្ពុជាជាដាច់ខាត។ ដូច្នេះ សូមបណ្ដាញសារព័ត៌មានថៃបញ្ឈប់ជាបន្ទាន់ចំពោះការផ្សាយព័ត៌មានមិនពិត ដោយការប្រឌិតសាច់រឿង និងគ្មានមូលដ្ឋានច្បាស់លាស់ ដែលនេះបង្ហាញថា គ្មានវិជ្ជាជីវៈក្នុងស្ថាប័នសារព័ត៌មាន៕









