ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានគណបក្សនយោបាយមួយរបស់ថៃបានណែនាំកងទ័ពខ្លួនដណ្តើមប្រាសាទតាក្របីរបស់កម្ពុជាដោយពុំចាំបាច់ប្រើប្រាស់កម្លាំង គឺការបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លា.ប់ ។ ប្រធានគណបក្សនយោបាយជឿជាក់ថា វិធីនេះនឹងធ្វើឱ្យកងទ័ពកម្ពុជាដែលឈរជើងនៅប្រាសាទតាក្របីយល់ព្រមចុះចាញ់ ។
លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ និងជាអតីតអគ្គស្នងការនគរបាលជាតិបាននិយាយលើវេទិកាក្នុងពេលក្រុមរួមកម្លាំងការពារអធិបតេយ្យប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ថា លោកបានចូលនិវត្តន៍ពីការងារ១៨ឆ្នាំហើយ ប៉ុន្តែនៅតែបារម្ភពីប្រទេសជាតិ ។ លោកឃើញការធ្វើការរបស់រដ្ឋាភិបាល និងការលំបាករបស់ពលរដ្ឋថៃ ទើបលោកសម្រេចចិត្តឡើងនិយាយលើវេទិកា ។
លោកថា បច្ចុប្បន្ន ថៃមានរដ្ឋាភិបាល គឺដូចជាគ្មានអីចឹង ពីព្រោះរដ្ឋាភិបាលថៃពុំគិតធ្វើអ្វីឡើយ ។ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីទាំងឡាយបានឡើងកាន់តំណែងដោយសារការទិញ អ្នកណាមានប្រាក់ គឺយកទៅប្រគល់ឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលមានកូនស្រី គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ រហូតដល់គណបក្សភូមិចៃថៃដកខ្លួន គណបក្សផ្សេងៗក៏នៅបន្ត ។ ហេតុនេះ ការលក់តួនាទីក្នុងរដ្ឋាភិបាល គឺរដ្ឋមន្ត្រីជាច្រើនរូបគ្មានធ្វើអ្វីទេ តើឱ្យទៅទប់ទល់ជាមួយកម្ពុជាដូចម្តេច?
ខ្ញុំជាមនុស្សដំបូងដែលបានប្រកាសថា រដ្ឋាភិបាលពុំចាំបាច់ជជែកជាមួយកម្ពុជាទេ គឺត្រូវវាយយករាជធានីភ្នំពេញតែម្តង ។ មនុស្សខ្លះគាំទ្រនឹងការលើកឡើងបែបនេះ ខណៈអ្នកខ្លះទៀតពុំគាំទ្រ ពីព្រោះមនុស្សម្នាក់ៗគិតពុំដូចគ្នា ។ ពេលមានជម្លោះរវាងកម្ពុជា-ថៃ ខ្ញុំថា កងកម្លាំងកម្ពុជាពុំអាចប្រៀបធៀបជាមួយថៃបានទេ ទើបខ្ញុំប្រាប់ឱ្យវាយយករាជធានីភ្នំពេញ ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃបណ្តែតបណ្តោយរហូតដល់មានការប៉ះទង្គិចតាមព្រំដែន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក Trump ក៏ស្នើឱ្យកម្ពុជា-ថៃធ្វើកិច្ចព្រមព្រៀងឈប់បាញ់ ។
លោក សេរីផិសូត តេមីយ៉ាវេត ប្រធានគណបក្សសេរីរួមថៃ បន្តថា សង្គ្រាម៥ថ្ងៃ កងទ័ពថៃបានវាយដណ្តើមគ្រប់គ្រងតំបន់ស្ទើរទាំងអស់ លើកលែងតែប្រាសាទតាក្របី ដោយសារមានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់នៅយប់ថ្ងៃទី២៨ ខែកក្កដា ។ លោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់គ្រាប់មីននៅតំបន់ប្រាសាទតាក្របី ហើយលោកធ្លាប់មានបទពិសោធន៍ចង់ណែនាំថា គួរតែបញ្ជូនសមត្ថកិច្ចថៃទៅឡាមព័ទ្ធផ្លូវ និងរារាំងការបញ្ជូនស្បៀងឱ្យកងទ័ពកម្ពុជាឈរជើងនៅប្រាសាទតាក្របី ដើម្បីឱ្យកងទ័ពកម្ពុជាដាច់ពោះស្លាប់ ។ ពេលនោះ កងទ័ពកម្ពុជានឹងយល់ព្រមចុះចាញ់ ហើយថៃនឹងអាចដណ្តើមប្រាសាទតាក្របីបានដោយពុំចាំបាច់ប្រើប្រាស់កម្លាំងទ័ព ។
ប្រធានគណបក្សនយោបាយរូបនេះនិយាយបំភ្លឺការពិតថា ប្រាសាទតាក្របី ឬប្រាសាទតាខ្វាយ គឺជារបស់ថៃ ពីព្រោះតាខ្វាយ ជាឈ្មោះតាមភាសាថៃ ។ ហេតុនេះ លោកជឿជាក់ថា ថៃនឹងអាចយកប្រាសាទតាក្របីពីកម្ពុជា កងទ័ពថៃអាចពិភាក្សាជាមួយលោកបានពាក់ព័ន្ធនឹងរឿងនេះ ៕










