បទចម្រៀង «១ សីហា » របស់តារាចម្រៀងរ៉េប វណ្ណដា មិនត្រឹមតែទស្សនិកជនក្នុងស្រុកមានភាពឈឺចាប់អួលណែនប៉ុណ្ណោះទេងាកទៅកាន់ទស្សនិកជនក្រៅប្រទេសវិញគឺបានជ្រួលជ្រាបពីទំហឹងឈឺចាប់របស់ប្រទេសកម្ពុជាតាមរយៈតន្រ្តី។ ជាមួយគ្នានេះ ឌីជេ ណាណា គឺបានសុំចូលខ្លួនជាហ្វេនរបស់ វណ្ណដា ខណៈបទ «១ សីហា» ស្តាប់១០ដងយំទាំង១០ដង។

បន្ទាប់ពី វណ្ណដា ទម្លាក់បទ «១ សីហា» គឺបានធ្វើឱ្យមានការសាយភាយយ៉ាងខ្លាំងនៅឯក្រៅប្រទេសដោយបានជនបរទេសជាច្រើនបានធ្វើការ Reaction ទៅលើបទចម្រៀងនេះនិងបានយល់ពីភាពឈឺចាប់របស់ប្រទេសកម្ពុជា ហើយប្រទេសកម្ពុជាមិនចង់បានអ្វីក្រៅតែពីសន្តិភាពប៉ុណ្ណោះទេ។ ជនបរទេសជាច្រើនបានយល់ពីការឈឺចាប់របស់ប្រទេសកម្ពុជា ការព្រាត់ប្រាសដោយសារតែសង្គ្រាមក្នុងបុព្វហេតុការពារទឹកដីមិនឱ្យសត្រូវចូលមកឈ្លានពានឡើយ។
ចម្រៀងដែលស្តែងពីភាពឈឺចាប់របស់ពលរដ្ឋខ្មែរទូទាំងនគរតាមរយៈខ្លឹមសារបទ «១ សីហា» ក៏ជំរុញឱ្យឌីជេ ណាណា សុំចូលខ្លួនធ្វើជាហ្វេនរបស់ វណ្ណដា តែម្តង។ អ្នកនាង បានចែករំលែកបទចម្រៀង វណ្ណដា និងភ្ជាប់មកជាមួយនឹងសម្តីថា «មួយបទនេះ សុំចូលខ្លួនជាហ្វេន វណ្ណដា ដែរ។ សូមអរគុណ ស្តាប់១០ដង យំ១០ដង»។ មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់ ឌីជេ ណាណា ក៏គោរពទៅកាន់ វណ្ណដា និងបាននិយាយថា «បទចម្រៀងមួយបទដែលពណ៌នា និងកំណត់ពីព្រឹត្តិការណ៍សំខាន់មួយនៃជំនាន់នេះ»។
គួរបញ្ជាក់ផងដែរថាកាលពីខែ សីហា ឆ្នាំ២០២៤ បន្ទាប់ វណ្ណដា បង្ហាញខ្លួនក្នុងការសម្តែងបទ «Time To Rise» នៅឯពិធីបិទកីឡាអូឡាំពិកប៉ារីស ឌីជេ ណាណា បានកោតសរសើរទេពកោសល្យតន្រ្តីនិងសមត្ថភាពរបស់ តារារ៉េប វណ្ណដា ប៉ុន្តែបានបង្ហាញការមិនចូលចិត្តលើទៅលើរូបភាពបង្ហាញបារីនិងគ្រឿងស្រវឹង។ ក្នុងនោះពិធីការិនីរូបនេះចង់ឱ្យអ្នកមានឥទ្ធិពលទាំងឡាយព្យាយាមបង្ហាញគំរូល្អៗដល់ក្មេងជំនាន់ក្រោយ៕










