ប្រទេសថៃ ៖ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ប្រាវីត វង្សសុវណ្ណ បានណែនាំនូវគោលការណ៍បន្ទាន់ចំនួន៤ចំណុច ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលោកជំរុញឱ្យរដ្ឋាភិបាលសាងសង់របងនៅតាមបណ្តោយព្រំដែន លោកជឿជាក់ថា វានឹងអាចរក្សាអធិបតេយ្យ ការពារបូរណភាពទឹកដី រួមទាំងការបំពេញភារកិច្ចរបស់កងទ័ពនៅតាមព្រំដែនមានភាពងាយស្រួល ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bangkok News កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាក់វិឆ័យ បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់គណបក្សក្រោមការដឹកនាំរបស់លោក ប្រាវីត វង្សសុវណ្ណ រួមទាំងអនុប្រធានគណបក្ស គណៈកម្មាធិការប្រតិបត្តិ និងសមាជិកគណបក្សចូលរួមថា កិច្ចប្រជុំមានខ្លឹមសារសំខាន់ គឺការបង្ហាញពីគោលជំហរគណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃនៅទូទាំងប្រទេសចាប់អារម្មណ៍ខ្លាំង ។ លោក ប្រាវីត វង្សសុវណ្ណ បានលើកឡើងពីគោលការណ៍បន្ទាន់ចំនួន៤ចំណុច រួមមាន ៖

១-បញ្ជាក់ពីអធិបតេយ្យភាពប្រទេសថៃគ្រប់តំបន់ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃឆ្លើយតបកម្ពុជាភ្លាមៗតាមរយៈការទូត និងសន្តិសុខ
២-អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីពាក់ព័ន្ធថ្លែងការណ៍ទៅកាន់រដ្ឋសភា និងពលរដ្ឋដោយផ្ទាល់ ដើម្បីឱ្យពលរដ្ឋជឿជាក់ ព្រមទាំងបញ្ជាក់ពីផែនការទប់ទល់ស្ថានការណ៍ដោយតម្លាភាព
៣-សូមរដ្ឋាភិបាលបង្កើតគណៈកម្មការពិសេសមួយដើម្បីត្រួតពិនិត្យ និងតាមដានស្ថានការណ៍ព្រំដែនជាបន្តបន្ទាប់ ព្រមទាំងពិនិត្យមើលតួនាទីអ្នកនយោបាយដែលអាចរារាំងការបំពេញភារកិច្ចរបស់កងទ័ព ឬរដ្ឋាភិបាល
៤-សូមរដ្ឋាភិបាលសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅចំណុចមានការប៉ះទង្គិចញឹកញាប់ ដើម្បីការពារទឹកដីជារៀងរហូត ។

លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បញ្ជាក់ថា ទឹកដីថៃពុំមែនជាកន្លែងឱ្យប្រទេសណាមួយមកឈ្លានពាន រួចហើយចាកចេញទៅវិញដោយពុំទទួលខុសត្រូវឡើយ ។ អ្នកនយោបាយពុំគួរមើលរំលងការលះបង់ជីវិតរបស់កងទ័ពថៃ ហើយគោលជំហររបស់គណបក្សផ្លាំងប្រាឆារ៉ាត់ គឺការពារកិត្តិយសជាតិ និងគាំទ្រពលរដ្ឋដោយគ្មានលក្ខខណ្ឌ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានជំរុញឱ្យមានការសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃយូរមកហើយ ដោយពួកគេចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ។ ហេតុនេះ របងតាមព្រំដែននឹងអាចបញ្ចប់ការប៉ះទង្គិចផ្សេងៗរវាងកងទ័ពកម្ពុជា-ថៃ ហើយវាផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃត្រួតពិនិត្យសន្តិសុខព្រំដែនផងដែរ ។ ពលរដ្ឋថៃគាំទ្រគោលជំហរគណបក្សនយោបាយក្នុងការសាងសង់របងព្រំដែន ពួកគេនឹងចូលរួមចំណែកថវិកាសាងសង់របង ប្រសិនបើរដ្ឋាភិបាលឯកភាព ៕