តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHRC) ចង់ឃើញកម្ពុជា និងថៃ គោរពកិច្ចព្រមព្រៀងបទឈប់បា.ញ់ កាត់បន្ថយការស្អ.ប់ខ្ពើមរវាងពលរដ្ឋ ជាពិសេស ពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុលឈានទៅការរើ.សអើងជាតិសាសន៍ និងលុបបំបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងប្រទេសថៃ ។

កាលពីថ្ងៃទី៣០ ខែកក្កដា នាយកអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យកម្ពុជា និងថៃ ការពារពលរដ្ឋកុំឱ្យស្លាប់ដោយសារសង្គ្រាមម្តងទៀត ដោយឱ្យប្រទេសទាំងពីរត្រូវតែគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដែលបានចរចាកាលពីថ្ងៃទី២៨ ខែកក្កដា នៅម៉ាឡេស៊ី ក្រោមការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ។ ក្រៅពីនេះ ប្រទេសទាំងពីរត្រូវលុបបំបាត់ជាបន្ទាន់នូវការស្អប់ខ្ពើមរវាងពលរដ្ឋដើម្បីឈានទៅរកសន្តិភាព ។
នាយកអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk និយាយថា ៖ «ពេលពិភពលោកប្រឈមនឹងជម្លោះ និងវិបត្តិកើនឡើង ខ្ញុំរីករាយខ្លាំងបំផុតដែលមានការចរចាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ដែលម៉ាឡេស៊ីមានតួនាទីយ៉ាងសំខាន់ក្នុងឋានៈជាប្រធានអាស៊ាន ។ ភាគីទាំងពីរត្រូវតែគោរពកិច្ចព្រមព្រៀងនេះយ៉ាងស្មោះត្រង់ ខណៈកិច្ចប្រឹងប្រែងការទូតកំពុងបន្តដើម្បីកាត់បន្ថយជម្លោះ» ។

លោកបន្តថា កម្ពុជា និងថៃ គួរតែជំរុញឱ្យមានសន្តិសុខនៅតាមតំបន់ព្រំដែន និងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយសារសង្គ្រាម និងពលរដ្ឋចាកចេញពីលំនៅឋានគេចពីសង្គ្រាម ដោយប្រាក់ឧបត្ថម្ភនេះស្របតាមស្តង់ដារ សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌ ។ បើតាមរបាយការណ៍ គឺពលរដ្ឋថៃបានស្នាក់នៅជម្រកបណ្តោះអាសន្ន ចំនួន១៨ម៉ឺននាក់ ខណៈពលរដ្ឋកម្ពុជា ស្មើនឹង១៦៨,៩៤៦នាក់ ។
ស្ថានការណ៍តានតឹងបែបនេះ ពលរដ្ឋប្រទេសទាំងពីរគួរតែកាត់បន្ថយការស្អប់ខ្ពើមគ្នា និងលុបបាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដោយប្រកាន់យកនូវគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ ខណៈរដ្ឋាភិបាលប្រទេសទាំងពីរមានតួនាទីផ្តល់សុវត្ថិភាព និងការពារពលរដ្ឋរៀងៗខ្លួន ។ នេះបើតាមការលើកឡើងរបស់លោក Volker Turk ។
គួរបញ្ជាក់ថា សារព័ត៌មាននានារបស់ថៃតែងតែផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភ្លៃពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំ ពុំដឹងព័ត៌មានពិតប្រាកដ ។ ក្រៅពីនេះ មានព័ត៌មានញុះញង់ជាច្រើនទៀតក្នុងបណ្តាញសង្គមថៃ និងត្រូវបានចែកចាយបន្តគ្នាបង្កការស្អប់ខ្ពើមជាតិសាសន៍ ដែលរដ្ឋាភិបាលថៃ និងស្ថាប័នពាក់ព័ន្ធគួរប្រញាប់ចាត់វិធានការជាបន្ទាន់ ៕










