ម៉េចចឹង? ពេលថៃស្នើកម្ពុជាឲ្យប្ដូរទីតាំងប្រជុំទៅម៉ាឡេសុីកម្ពុជាយល់ព្រម ប៉ុន្តែគ្រាន់តែកម្ពុជាស្នើឲ្យមានតំណាងបីប្រទេសខាងលើចូលរួមស្ដាប់នៅក្នុងកិច្ចប្រជុំដែរ ថៃបែរជាបដិសេធមិនអនុញ្ញាត ដោយលើកហេតុផលមកថា វាជារឿងដែលមិនចាំបាច់ ហើយការប្រជុំ GBC គួរតែផ្តោតលើការពិភាក្សាទ្វេភាគីតែប៉ុណ្ណោះទៅវិញ។
បាងកក៖ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃសៅរិ៍ ទី2 សីហា នេះបានឲ្យដឹងថា រដ្ឋាភិបាលថៃបានច្រានចោលជាផ្លូវការនូវសំណើរបស់កម្ពុជាក្នុងការអនុញ្ញាតឱ្យចិន សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាពេលខាងមុខក្នុងនាមជាអ្នកសង្កេតការណ៍ឡើយ ដោយបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនថា «កិច្ចប្រជុំគួរតែរក្សាទំនាក់ទំនងទ្វេភាគីតែប៉ុណ្ណោះ»។
កិច្ចប្រជុំ GBC ដែលគ្រោងនឹងធ្វើឡើងដំបូងនៅភ្នំពេញនៅថ្ងៃទី ៤ ខែសីហា ត្រូវបានប្តូរទៅទីតាំងអព្យាក្រឹតក្នុងប្រទេសម៉ាឡេស៊ី តាមការស្នើសុំរបស់ប្រទេសថៃ។ ចំពោះកាលបរិច្ឆេទនៃកិច្ចប្រជុំត្រូវបានកំណត់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា។
អនុរដ្ឋមន្ត្រីស្ដីទីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Nattaphon Narkphanit មានប្រសាសន៍ថា ប្រទេសថៃបានបដិសេធសំណើរបស់កម្ពុជាសម្រាប់ការស្នើសុំឲ្យមានអ្នកចូលរួមពីខាងក្រៅ ដោយលើកឡើងពីលក្ខណៈទ្វេភាគីនៃការពិភាក្សា និងសង្កត់ធ្ងន់ថាវត្តមានរបស់អ្នកសង្កេតការណ៍បរទេសគឺមិនមែនជារឿងចាំបាច់ និងសមរម្យនោះទេ។ លោកបានបន្ថែមថា ការសម្រេចចិត្តនេះក៏ឆ្លុះបញ្ចាំងពីការព្រួយបារម្ភផ្នែកសន្តិសុខអំពីការប្រារព្ធកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក Nattaphon បន្តថា៖ ម៉្យាងវិញទៀត កម្ពុជាបានអះអាងថា ការចូលរួមរបស់ម៉ាឡេស៊ី ចិន និងអាមេរិកនឹងមានប្រយោជន៍ ដោយផ្តល់តួនាទីសម្របសម្រួលរបស់ពួកគេក្នុងអំឡុងកិច្ចចរចាបទឈប់បា.ញ់កាលពីថ្ងៃទី ២៨ ខែកក្កដា ដែលបានជួយបន្ធូរបន្ថយជម្លោះព្រំដែនជាបន្តបន្ទាប់រវាងប្រជាជាតិទាំងពីរ។.jpg)
អនុរដ្ឋមន្ត្រីស្ដីទីរូបនេះបញ្ជាក់ថា បើទោះបីជាមានការខ្វែងគំនិតគ្នាលើទីតាំងប្រជុំ និងការកំណត់អ្នកចូលរួមក៏ដោយ ក៏ភាគីទាំងពីរបានយល់ព្រមបន្តកិច្ចប្រជុំនេះដដែល និងថែមទាំងបង្ហាញពីចេតនារួមគ្នាក្នុងការបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការព្រំដែន។ កិច្ចពិភាក្សា GBC នាពេលខាងមុខត្រូវបានគេរំពឹងថានឹងផ្តោតលើសន្តិសុខតាមព្រំដែន ការល្បាតរួមគ្នា និងវិធានការការពារជម្លោះ។
យ៉ាងណាមិញជាការកត់សម្គាល់ កន្លងមករដ្ឋាភិបាលថៃតែងតែធ្វើការបដិសេធជានិច្ចចំពោះការចរចា ឬកិច្ចប្រជុំណាមួយជាមួយកម្ពុជា ដោយមានតំណាងប្រទេសដទៃទៀតចូលរួម។ តួយ៉ាងការឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ), ការអំពាវនាវឲ្យមានបទឈប់បា.ញ់ ពីម៉ាឡេសុី ឬប្រទេសផ្សេងៗទៀត ក៏ពីដំបូងឡើយថៃមិនព្រមទទួលយក និងមិនចង់ចរចាជាមួយភាគីទី3ណាទេ និងពេលនេះសូម្បីតែកិច្ចប្រជុំ GBC ដែលស្នើសុំឲ្យមានចិន អាមេរិក និងម៉ាឡេសុី ចូឡរួមធ្វើជាអ្នកសង្កេតការណ៍ ក៏ថៃមិនព្រមដែរ។ តើនេះគឺជាគិតគូរដោយសារខ្លាចប៉ះពាល់ដល់កិច្ចចរចាទ្វេភាគី ឬថៃខ្លាចភាគីទី3ឲ្យប្រាកដ?










