តារារ៉េបល្បីឈ្មោះ វណ្ណដា និងតារារួមទ្រនំព្រមទាំងសិល្បករជាច្រើនរូបទៀតបានទៅសួរសុខទុក្ខបងប្អូនជនភៀសសឹកនៅវត្តពោធិ៥០០០ ខេត្តព្រះវិហារ។ ជាមួយនឹងការសួរសុខទុក្ខ វណ្ណដា ក៏បាននាំទំពាំងស្នងឬស្សីច្រៀងបទ «ដែនដីខ្មែរ» បណ្តុះស្មារតីជាតិនិយមផងដែរ។
មិននិយាយស្តីអ្វីច្រើននោះទេ ប៉ុន្តែ វណ្ណដា គឺជារឿយៗតែងតែបានបង្ហាញសកម្មភាពផ្ទាល់តែម្តង។ ជាក់ស្តែងបន្ទាប់ពីចេញវីដេអូប្រាប់ទៅកាន់ពិភពលោកអំពីរឿងរ៉ាវពិតពីជម្លោះព្រំដែនខ្មែរ-ថៃ ដែលប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាម វណ្ណដា និងតារាបារមីបានបង្ហាញខ្លួនចុះទៅសួរសុទ្ធបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅក្នុងខេត្តព្រះវិហារ។ តាមរយៈរូបភាពដែលបង្ហោះនៅលើទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺគេបានឃើញ វណ្ណដា ឡូរីន ហ្សាណា នរិទ្ធ កញ្ញា ឡូរ៉ា ម៉ម ជាដើមបានថតរូបជាមួយស្រ្តីទី១នៃកម្ពុជា។
អ្វីដែលសំខាន់ ការទៅសួរសុខទុក្ខបងប្អូនភៀសសឹកនៅតំបន់សង្គ្រាមគេបានឃើញតារាបារមី បានថតរូបជាមួយលោកឧកញ៉ា ព្រាប សុវត្ថិ កញ្ញា តន់ ច័ន្ទសីម៉ា ជាដើមប្រកបដោយស្មារតីខ្មែរស្រលាញ់ រួមគ្នាជាធ្លុងមួយប្រកបដោយសាមគ្គីភាព។
ជាមួយគ្នានេះដែរគេក៏បានឃើញ វណ្ណដា បានកាន់ក្បាលមេក្រូបបួលកុមារដែលជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ បណ្តុះជាតិនិយមជាមួយនឹងបទ «ដែនដីខ្មែរ»។ ក្មេងៗនៅទីនោះគឺបានច្រៀងស្រុះគ្នាយ៉ាងខ្លាំងទៅលើបទចម្រៀងដ៏មានអត្ថន័យមួយនេះសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប។ 
គួរបញ្ជាក់ផងដែរ វីដេអូដែល វណ្ណដា និយាយជាភាសាអង់គ្លេសអំពីប្រទេសថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុនដោយបានលើកហេតុផលមានអំណះអំណាងត្រឹមត្រូវពីការបដិសេធរបស់របស់ប្រទេសថៃមិនចង់ស្វែងរកផ្លូវសន្តិភាពជាមួយប្រទេសកម្ពុជាគឺពិតជាមានឥទ្ធិពលយ៉ាងខ្លាំង។
.png)
ការចេញពីវីដេអូនិយាយការពិតនេះមានប្រជាជនថៃជាច្រើនបញ្ចេញមតិប្រតិកម្មមិនពេញចិត្តចំពោះ វណ្ណដា ព្រោះតារារ៉េបរូបនេះគឺមានភាពល្បីល្បាញនៅប្រទេសថៃ។ ងាកទៅកាន់បណ្តាញសង្គម IG របស់លោកវិញគឺបានធ្លាក់ចំនួនគាំទ្រនិងមានមតិយោបល់ជាច្រើនពីជនជាតិថៃ។ យ៉ាងណា វណ្ណដា មិនខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនពីប្រទេសមួយនេះឡើយ ថែមទាំងបានទៅផ្តល់កម្លាំងចិត្តដល់ជនភៀសសឹកជាជនស្លូតត្រង់ត្រូវរងគ្រោះពីការឈ្លានពានថៃថែមទៀត៕










