រយៈពេលសង្គ្រាម៥ថ្ងៃដែលថៃចូលមកឈ្លានពានទឹកដីខ្មែរ ហើយពេលនេះកំពុងស្ថិតនៅសន្តិភាពផុយស្រួលកូនខ្មែរជាច្រើនបានបង្ហាញការឈឺចាប់ឥតឧបមាចំពោះទង្វើរបស់ប្រទេសជិតខាងមួយនេះ។ អម្រែកនៃការឈឺចាប់លើកនេះមានតារាមួយចំនួនសម្រេចចិត្តមិនផ្សព្វផ្សាយផលិតផលរបស់ប្រទេសថៃ ខណៈពេលនេះគឺមាន Content Creator មួយទៀតគឺ Q Win សម្រេចចិត្តនឹងមិនប្រម៉ូតផលិតផលរបស់ប្រទេសថៃទៀតទេ។

កាលពីយប់ថ្ងៃទី៣១ កក្កដា Content Creator មួយរូបនៅខេត្តបាត់ដំបងបានប្រកាសជាសាធារណនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំបាទ Q-win នឹងមិនទទួល promote ផលិតផលរបស់ ថៃទៀតទេចាប់ពេលនេះតទៅ ខ្ញុំឈឺចាប់ណាស់ បន្ទាប់ពី បានទៅសួរសុខទុក្ខបងៗកងទ័ពជួរមុខនៅឯមន្ទីរពេទ្យ ខ្ញុំមិនជឿថាអត់ promote ផលិតផលរបស់វាមួយខ្ញុំ ដាច់ពោះស្លាប់ទេ»។ ដោយសារតែការបង្ហោះនេះមានបញ្ហាជាមួយនឹងហ្វេកប៊ុក Q Win បានបង្ហោះសាជាថ្មីម្តងទៀតជារូបមួយសន្លឹក។
Q Win បានសរសេរថា «យើងត្រឹមតែជាអតិថិជនដ៏ស្មោះត្រង់ តែភាពស្មោះត្រង់របស់យើងកំពុងបំប៉នសត្រូវឱ្យទិញសព្វាវុធមកកម្ទេចយើង!ខ្ញុំឈប់គាំទ្រផលិតផលថៃ ខ្ញុំឈប់ទទួលប្រម៉ូតផលិតផលថៃ ចាប់ពីពេលនេះតទៅ»។ លោកក៏បានដាក់ហាសថេកមួយទៀតថា «ចូលរួមគាំទ្រផលិតផលក្នុងស្រុក»។
នេះជាស្មារតីជាតិនិយមមួយបន្ទាប់ពីទទួលបានការឈឺចាប់យ៉ាងខ្លាំងពីសំណាកប្រទេសថៃដែលចូលមកឈ្លានពានប្រទេសកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនរងទុក្ខ។
គួរឱ្យដឹងថាមិនត្រឹមតែ Q Win ប៉ុណ្ណោះទេដែលប្រកាសជាសាធារណៈឈប់ផ្សព្វផ្សាយផលិតផលិតរបស់សៀម បុគ្គលល្បីឈ្មោះដូចជា ឆាឆា ក៏បានសម្រេចចិត្តមិនប្រូម៉ូតផលិតផលរបស់ប្រទេសថៃឡើយ។ មិនត្រឹមតែបុគ្គលល្បីឈ្មោះប៉ុណ្ណោះទេមានមនុស្សជាច្រើនទៀតបានប្តេជ្ញាឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសនេះតទៀត៕










