ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ គណបក្សប្រជាជននៅប្រទេសថៃបានស្តីបន្ទោសមន្ទីរពេទ្យថៃមួយនៅខេត្តឧប៊ុនរ៉ាជថានី ឈ្មោះ «Sunpasitthiprasong Hospital» ក្រោយពីមន្ទីរពេទ្យនេះចេញសេចក្តីប្រកាសបន្ទាន់ផ្អាកព្យាបាលអ្នកជំងឺខ្មែរ ។ គណបក្សប្រជាជនយល់ឃើញថា ការធ្វើបែបនេះ គឺខុសនឹងគោលការណ៍មនុស្សធម៌ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃនៅលើពិភពលោក ។
គណបក្សប្រជាជនបានចេញសេចក្តីថ្លែងការណ៍មួយថា វីធីតែមួយគត់ដែលថៃអាចធ្វើបាន គឺត្រូវតែប្រកាន់យកនូវគោលការណ៍មនុស្សធម៌ស្របតាមច្បាប់អន្តរជាតិ និងលុបចោលជាបន្ទាន់នូវការរើសអើងជាតិសាសន៍ ។
គណបក្សប្រជាជនយល់ឃើញថា ប្រទេសថៃអាចឱ្យពិភពលោកមើលក្នុងផ្លូវល្អ ជាពិសេស ពេលមានស្ថានការណ៍ប៉ះទង្គិចជាមួយប្រទេសជិតខាង លុះត្រាតែថៃប្រកាន់យកគោលការណ៍មនុស្សធម៌ និងគោរពច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់ ទើបធ្វើឱ្យប្រទេសថៃពុំចាញ់ប្រៀបលើឆាកអន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងហ្សឺណែវ ចំនួន៤ច្បាប់ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ។
ប្រទេសថៃបានចុះហត្ថលេខាក្នុងអនុសញ្ញានេះនៅឆ្នាំ១៩៥៤ ដែលបញ្ជាក់ថា កងទ័ព និងបុគ្គលណាមួយដែលរងរបួស ឬឈឺថ្កាត់ គឺថៃត្រូវតែព្យាបាលបុគ្គលទាំងនេះតាមគោលការណ៍មនុស្សធម៌ ដោយពុំគិតពីលក្ខណៈគ្រោះថ្នាក់ និងគិតពីភាពខុសគ្នារវាងភេទ ជាតិសាសន៍ សញ្ជាតិ សាសនា ការយល់ឃើញផ្នែកនយោបាយ ឬមូលហេតុផ្សេងៗស្រដៀងនេះ ។
ការរើសអើងជាតិសាសន៍របស់មន្ទីរពេទ្យក្នុងការព្យាបាលអ្នកជំងឺ ចាត់ទុកថា ថៃប្រឆាំងនឹងគោលការណ៍ «International Humanitarian Law» ដែលនឹងធ្វើឱ្យថៃខូចកេរ្តិ៍ឈ្មោះលើពិភពលោក ព្រមទាំងប្រឈមត្រូវកម្ពុជាយកបញ្ហាមន្ទីរពេទ្យថៃរើសអើងអ្នកជំងឺខ្មែរប្រាប់ទៅពិភពលោក ។
គណបក្សប្រជាជនទទួលបានព័ត៌មានថា ក្រសួងសុខាភិបាល និងក្រុមប្រឹក្សាវេជ្ជសាស្ត្រ រួមទាំងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានទទួលជូនដំណឹងពីមន្ទីរពេទ្យថៃរើសអើងអ្នកជំងឺខ្មែររួចហើយ ។ ហេតុនេះ សូមឱ្យភ្នាក់ងារពាក់ព័ន្ធទាំងអស់ពន្លឿនការចេញសេចក្តីណែនាំច្បាស់លាស់ស្របតាមគោលការណ៍អន្តរជាតិ ។
គណបក្សប្រជាជនសូមបញ្ជាក់ឡើងវិញថា សង្គ្រាមកម្ពុជា-ថៃនេះ គឺជាសង្គ្រាមរវាងរដ្ឋ និងរដ្ឋ យើងពុំត្រូវការឱ្យជម្លោះនេះរាលដាលនាំឱ្យមានការស្អប់ខ្ពើមរវាងពលរដ្ឋទេ ពីព្រោះនៅទីបំផុត កម្ពុជា និងថៃ នៅតែមានទំនាក់ទំនងផ្លាស់ប្តូរសេដ្ឋកិច្ច និងសង្គមបន្តទៀត ៕










