ក្រុងស៊ាងហៃ៖ ទីក្រុងសៀងហៃបានធ្លាក់ចូលទៅក្នុងរបៀបអាសន្ននៅថ្ងៃពុធ (ទី ៣០ ខែកក្កដា) ដោយសារព្យុះត្រូពិច Co-May បានវាយលុកភាគខាងកើតប្រទេសចិន ខណៈដែលការរញ្ជួយដីដ៏ធំមួយនៅឧបទ្វីប Kamchatka របស់រុស្ស៊ីបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសចិនផងដែរ។

ពលរដ្ឋជាង ២៨០,០០០ ត្រូវបានជម្លៀសពីតំបន់ងាយរងគ្រោះ ខណៈដែលអាជ្ញាធរបានទប់ទល់នឹងផលប៉ះពាល់នៃព្យុះ Co-May ដែលបានវាយប្រហារនៅ Zhoushan ខេត្ត Zhejiang នៅព្រឹកព្រលឹម។ ព្យុះនេះបានបោកបក់តំបន់នេះជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង រហូតដល់ ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានជន់លិចតំបន់ទំនាប។ នៅទីក្រុងសៀងហៃ ទឹកភ្លៀងបានឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលស្មើនឹងកម្ពស់ទឹកភ្លៀងមួយខែ។.png)
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទដំណើរការជើងហោះហើរជាង ៦៤០ ជើង ដោយមាន ៤១០ នៅអាកាសយានដ្ឋានអន្តរជាតិ Pudong និង ២៣០ នៅ Hongqiao ។ សេវាដឹកជញ្ជូនផ្លូវទឹកត្រូវបានផ្អាក ខណៈចរាចរណ៍ផ្លូវគោកត្រូវបានដាក់កម្រិតល្បឿនត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវហាយវេ និងល្បឿនរថភ្លើងក៏ត្រូវបន្ថយមកត្រឹម ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ផងដែរ។
.png)
នៅពេលដែលខ្យល់របស់ព្យុះ Co-May បានបក់បោកឆ្នេរសមុទ្រ វិបត្តិទីពីរក៏បានកើតមានឡើងផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ៤,០០០គីឡូម៉ែត្រពីទីក្រុងសៀងហៃ។ ការរញ្ជួយនេះបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
.png)
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិរបស់ប្រទេសចិនបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ដោយព្យាករណ៍ថា រលកអាចមានកម្ពស់ចន្លោះពី ០,៣ ទៅ ១,៨ ម៉ែត្រ។ ទោះជាយ៉ាងណា បន្ទាប់មកអាជ្ញាធរបានបញ្ជាក់ថា ទឹករលកដែលប៉ះទីក្រុងសៀងហៃ មិនអាចលើសពីកម្រិតគ្រោះថ្នាក់នោះទេ ហើយការប្រមាននោះត្រូវបានលុបចោលវិញនៅថ្ងៃដដែលនោះ។

យ៉ាងណាមិញ ទោះបីជាមានការគំរាមកំហែងពីគ្រោះធម្មជាតិពីរជាប់គ្នាក៏ដោយ ក៏មិនមានសេចក្ដីរាយការណ៍អំពីអ្នករងគ្រោះ ឬមានការខូចខាតធ្ងន់ធ្ងរឡើយ។ ប៉ុន្តែតំបន់ឆ្នេរក្នុងទីក្រុង Zhoushan បានជួបប្រទះនូវទឹកជំនន់ និងដាច់ចរន្តអគ្គិសនី តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។ មន្ត្រីបានជំរុញឲ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុអាចនឹងមិនមានស្ថិរភាពទេនៅប៉ុន្មានថ្ងៃខាងមុខ។

ការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របរបស់អាជ្ញាធរ ក្រុងសៀងហៃ បានបង្ហាញពីសមត្ថភាពបង្ការគ្រោះអាសន្ន និងការសហការជាឯកភាពរវាងមន្ទីរសង្រ្គោះ អាជ្ញាធរដឹកជញ្ជូន និងមន្ទីរប្រយុទ្ធគ្រោះមហន្តរាយ ដើម្បីការពារសុវត្តិភាពប្រជាជនដែលមានជាង ២៥លាននាក់ នៅក្នុងទីក្រុង៕









