ថៃ៖ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ បានបញ្ជាក់ថា ថៃនឹងដោះលែងកងកម្លាំងទាហានខ្មែរចំនួន១៨នាក់ឲ្យវិលមកមាតុភូមិវិញ នៅពេលដែលដំណើរការនីតិវិធីច្បាប់អន្តរជាតិបានបញ្ចប់រួចសព្វគ្រប់ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថានៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។
នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងយោធពលភូមិន្ទថៃ បានលើកឡើងពីបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទាមតារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលជាទាហានកម្ពុជាចំនួន១៨នាក់ឲ្យត្រឡប់មកមាតុភូមិវិញ។

ជាមួយនឹងការទាមទារនេះ លោក Winthai បានបញ្ជាក់ថា លោក Boonsin Padklang មេបញ្ជាការកងទ័ពតំបន់ភូមិទី២ បានបំភ្លឺជូនលោកឧត្តមសេនីយ៍ Dato’ Mohammad Nizam Jaafar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថាពួកគេនឹងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយនឹងពន្លឿនការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។
ប៉ុន្តែនៅពេលសួរថា តើវាអាចនឹងសម្រេចនៅពេលណា? លោក Winthai មិនអាចបញ្ជាក់ថានឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។

គួរជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃនេះបានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពទាហានចំនួន១រូប និងនៅសល់២០រូបទៀត ខណៈភាគីថៃអះអាងថានៅសល់តែ១៨នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។
យ៉ាងណាក៏ដោយ នេះគឺជារឿងដែលគួរឲ្យឈឺចាប់បំផុត ព្រោះទាហានខ្មែរទាំងអស់នោះ ត្រូវបានកងកម្លាំងថៃព័ទ្ធចាប់ខ្លួន ក្រោយពេលបទឈប់បា.ញ់បានចូលជាធរមានទៅហើយ នាម៉ោង៧:៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕










