ព្រីន ដែលជាតារាសម្តែងនិងជាតារាចម្រៀងបានចេញវីដេអូសូមទោសជាសាធារណៈចំពោះពាក្យសម្តីរបស់ខ្លួនដែលប្រើសម្តីមិនសមរម្យកាលពីមុនបង្កឱ្យមហាជនខឹងសម្បារ។ ព្រីន ថាលោកសូមទោសចេញពីចិត្តខណៈចង់ចេញវីដេអូភ្លាមៗប៉ុន្តែដោយសារតែរវល់ទើបអាក់ខាន។

នៅយប់ថ្ងៃទី២៩ កក្កដា ព្រីន បានចេញវីដេអូរយៈពេលជាង១នាទីក្នុងន័យសូមទោសចំពោះការប្រព្រឹត្តខុសរបស់ខ្លួន។ ព្រីន បាននិយាយថាលោកចេញមកសូមទោសបងប្អូនជាសាធារណៈសម្រាប់កាលពីប៉ុន្មានថ្ងៃមុនដែលលោកចេញវីដេអូពេលមកបរិច្ចាគឈាមវិញហើយបានផុសវីដេអូមួយប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ ឈ្លើយ ច្រលើសបើស។ តារាប្រុសរូបនេះបានលើកម្រាមដៃ១០សំពះសូមទោសមហាជនជាសាធារណៈដោយលោកបញ្ជាក់ថាការសូមទោសនេះគឺចេញពីចិត្ត ចេញពីបេះដូង។
ព្រីន បានបញ្ជាក់ទៀតថាលោកចង់ធ្វើវីដេអូបន្ទាប់ពីមានបញ្ហា១ថ្ងៃហើយប៉ុន្តែដោយសារតែត្រូវបំពេញភារកិច្ចចែកអំណោយជូនជនភៀសសឹករវល់ជាប់ទើបតែត្រឡប់មកភ្នំពេញវិញទើបសុំនូវការខន្តីអភ័យទោសពីសំណាកមហាជន។ ព្រីន ក៏បន្ថែមដោយក្តីរំពឹងថាមហាជននឹងត្រជាក់ចិត្តឈប់ខឹងលោក ហើយលោកសន្យាថានឹងមិនឱ្យមានរឿងនេះកើតឡើងទៀតទេ ហើយនឹងព្យាយាមធ្វើរឿងល្អៗតាំងពីមុនលោកចូលសិល្បៈទៅទៀត។
យ៉ាងណាមិញ ការសូមទោសពីសំណាកតារាសម្តែងនិងចម្រៀង ព្រីន អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញការអត់ឱន ខណៈអ្នកមួយចំនួនទៀតបានផ្ចាញ់សម្តីលោកវិញថា «ចង់សូមទោសអ្នកណា សូមទោសឱ្យចំឈ្មោះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ កក្កដា ព្រីន បានចេញវីដេអូប្រតិកម្មរបស់ខ្លួនរយៈពេលជាង២នាទី ឆ្លើយតបទៅកាន់អ្នកដែលថា តារាល្បីៗមួយចំនួនមិនចេញមុខនិយាយរឿងប្រទេសជាជុំវិញបញ្ហាសង្គ្រាមកម្ពុជាថៃ។ ព្រីន ថាចង់បានតារាណាបញ្ជាក់ឈ្មោះឱ្យចំៗ កុំវាយប្រហារខាំខ្មែរគ្នាឯង៕









