ភ្នំពេញ៖ ស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ អេសុីលីដា ប្រកាសលុបចោលនូវបំណុលទាំងស្រុង ជូនចំពោះអតិថិជនដែលជាយោធិនពលី និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារ អេសុីលីដា ភីអិលសុី នាថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ។
គួរជម្រាបថា យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ធានាគារជាតិ តម្រូវឱ្យគ្រឺះស្ថានហិរញ្ញវត្ថុទាំងអស់ លើកលែងការបង់ និងការផាកពិន័យឥណទាន ដល់ជនភៀសសឹក រយៈពេល៣ខែ គឺចាប់ពីថ្ងៃទី៣០ កក្កដា ដល់៣១ តុលា ២០២៥។ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ក៏ត្រូវលើកលែងការបង់ និងផាកពិន័យរយៈពេល៦ខែ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ មករា ២០២៦ ដល់គ្រួសារយោធិន ដែលកំពុងប្រតិបត្តិការការពារទឹកដីនៅលើសមរភូមិ។ 
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានសម្រេចលុបចោលកម្ចីរហូតដល់ ៨០លានរៀលរបស់អតិថិជន យោធិនពលី និងលុបចោលកម្ចី១០លានរៀល យោធិនពិការ និងផ្តល់ការអនុគ្រោះផ្សេងៗ ដល់ជនភៀសសឹក, ពលករ និងយោធិនជួរមុខផងដែរ៕










