សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់រយៈពេលខ្លីជាងមុនឱ្យរុស្ស៊ីយល់ព្រមបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន ក្នុងរយៈពេល១០ថ្ងៃ ឬ១២ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ពីព្រោះវាគ្មានមូលហេតុអ្វីដែលរុស្ស៊ីត្រូវរង់ចាំទៀតទេ ។ រុស្ស៊ី និងអ៊ុយក្រែន នៅតែពុំអាចបញ្ចប់សង្គ្រាម ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចាត់ទុកការអន្តរាគមន៍របស់អាមេរិកមានសារៈសំខាន់យ៉ាងខ្លាំង ។
កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៥ លោក Trump ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មានរយៈពេល៥០ថ្ងៃក្នុងការបញ្ចប់សង្គ្រាម បើពុំដូច្នោះទេ រុស្ស៊ីនឹងប្រឈមជាមួយវិធានការពន្ធធ្ងន់ធ្ងរ ។ នៅប្រទេសស្កុតឡេន លោក Trump បានបញ្ជាក់ពីការកំណត់ពេលវេលាជាថ្មី ប៉ុន្តែលោកថ្លែងពីការដាក់ទណ្ឌកម្ម និងកំណត់ពន្ធជាមួយរុស្ស៊ី ។

លោក Trump នឹងដំឡើងពន្ធទំនិញខ្ពស់រហូតដល់១០០% សម្រាប់ប្រទេសណាធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។ ការដំឡើងពន្ធនឹងធ្វើឱ្យទំនិញឡើងថ្លៃរហូតដល់អាជីវកម្មនៅអាមេរិកងាកមកទិញទំនិញប្រទេសផ្សេងៗដែលមានតម្លៃថោកជាង ហើយធ្វើឱ្យរុស្ស៊ី និងដៃគូពាណិជ្ជកម្មបាត់បង់ចំណូល ។.png)
ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអរគុណលោក Trump ចំពោះការដាក់សម្ពាធលើរុស្ស៊ី ដោយលោកសរសេរក្នុងបណ្តាញសង្គម X ថា «ដល់ពេលល្មម» ។ លោកក៏បានសរសើរពីគោលជំហរច្បាស់លាស់ និងការតាំងចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការជួយជីវិតមនុស្ស និងបញ្ចប់សង្គ្រាមដ៏អាក្រក់នេះ ។

ក្រោយកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅប្រទេសស្កុតឡេន លោក Trump បានបង្ហាញការមិនពេញចិត្តម្តងទៀតចំពោះទង្វើរបស់លោក Putin នៅអ៊ុយក្រែន ។ លោកនិយាយពីភាពខុសគ្នារបស់ប្រធានាធិបតីរុស្ស៊ីពេលសន្ទនាផ្ទាល់ និងការបាញ់មីស៊ីលរបស់រុស្ស៊ីទៅកាន់ទីក្រុងនានារបស់អ៊ុយក្រែនស្ទើររាល់យប់ ។.png)
លោក Trump ពុំចាប់អារម្មណ៍ការចរចាទៀតទេ ដោយសាររុស្ស៊ីពុំឆ្លើយតបនឹងពេលវេលាបញ្ចប់សង្គ្រាម ។ កន្លងមក អាមេរិកបានកំណត់រយៈពេល៥០ថ្ងៃដើម្បីឱ្យរុស្ស៊ីបញ្ចប់សង្គ្រាម ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីថា រុស្ស៊ីត្រូវការពេលវេលាពិចារណា ។ បើតាមសមាជិកសភារុស្ស៊ី គឺលោក Trump កំណត់ពេលឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមគ្មានប្រសិទ្ធភាពទេ ខណៈរុស្ស៊ីមានអាវុធ និងគោលការណ៍របស់ខ្លួន ៕










