ប្រទេសបារាំង ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានសរសើរ និងរីករាយចំពោះកម្ពុជា-ថៃសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ហើយអាមេរិកក៏សូមអរគុណដល់ប្រទេសម៉ាឡេស៊ីផងដែរ ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចារបស់នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ។ អាមេរិកសង្ឃឹមថា ប្រទេសទាំងពីរនឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនេះ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio និយាយថា អាមេរិកសូមសរសើរចំពោះការប្រកាសឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និងខ្លួនលោកបានប្តេជ្ញាបញ្ចប់អំពើហិង្សាភ្លាមៗ ហើយសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា-ថៃ នឹងអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌរបស់ខ្លួនដើម្បីបញ្ចប់ជម្លោះ ។

សហរដ្ឋអាមេរិកសូមអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើជាម្ចាស់ផ្ទះក្នុងជំនួបចរចាបញ្ចប់ការឈប់បាញ់គ្នា ។ យើងសូមអំពាវនាវឱ្យគ្រប់ភាគីអនុវត្តតាមកិច្ចព្រមព្រៀងរបស់ខ្លួន ហើយអាមេរិកនៅតែប្តេជ្ញាចិត្តបញ្ចប់ជម្លោះនេះ ។
ដោយឡែក នៅថ្ងៃទី២៩ ខែកក្កដា សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ឈ្មោះ «@emmanuelmacron» ដែលមានអ្នកតាមដានប្រមាណ៥លាន២សែននាក់ ជាភាសាខ្មែរ និងភាសាថៃ ក្រោយពីប្រទេសទាំងពីរសម្រេចកិច្ចព្រមព្រៀងឈប់បា.ញ់បន្ទាន់ដោយឥតលក្ខខណ្ឌនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថា «ពេលវេលាមកដល់ហើយដែលត្រូវផ្អាកអាវុធនៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ» ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុង Instagram ទៀតថា ៖ «នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញភាពរឹងមាំដោយជួបជាមួយគ្នានៅថ្ងៃនេះ ដើម្បីឱ្យមានការពិភាក្សាសន្តិភាព ។ ខ្ញុំសូមលើកស្ទួយយ៉ាងពេញទំហឹងចំពោះការចរចាកំពុងបន្តនៅម៉ាឡេស៊ី ដែលមានគោលបំណងបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងចាំបាច់ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី» ៕










