ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃព្យួរតំណែងបានចុះសួរសុខទុក្ខពលរដ្ឋនៅខេត្តសុរិន្ទ ដែលរងគ្រោះដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយសារកងទ័ពឈ្លានពានថៃ ស្រាប់តែស្ត្រីថៃម្នាក់បានមកសុំនិយាយជាមួយលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែលោកស្រីពុំឆ្លើយតប ទើបស្ត្រីរូបនេះស្រែកខ្លាំងៗថា «លោកស្រីចិត្តអាក្រក់ខ្លាំងណាស់» ។

ស្ត្រីរូបនេះបានឈរប្រជ្រៀតគ្នាជាមួយមនុស្សជាច្រើនទៀតព្រោះតែចង់និយាយជាមួយលោកស្រី ផេថងថាន ប៉ុន្តែលោកស្រី ផេថងថាន ពុំឆ្លើយតប ។ អ្នកស្រីក៏និយាយជាមួយសារព័ត៌មានថា អ្នកស្រីរំភើបពេលឃើញលោកស្រី ផេថងថាន ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារសង្គ្រាម ប៉ុន្តែពលរដ្ឋនៅព្រំដែនឈឺចាប់ខ្លាំងណាស់នឹងពាក្យសម្តីរបស់លោកស្រី ផេថងថាន ។

លោកស្រី ផេថងថាន ដោះស្រាយបញ្ហាយឺតយ៉ាវខ្លាំងណាស់ ពលរដ្ឋថៃនៅតាមព្រំដែនប្រឈមនឹងការស្លាប់ដោយសារសង្គ្រាម ហើយទង្វើលោកស្រីធ្វើឱ្យពលរដ្ឋឈឺចាប់ទូទាំងប្រទេស ពុំមែនឈឺចាប់តែអ្នករស់នៅព្រំដែនទេ ពលរដ្ឋទាំងអស់ឈឺចាប់នឹងទង្វើលោកស្រីយ៉ាងខ្លាំង ។

ហេតុនេះ សូមលោកស្រីគិតឱ្យបានគ្រប់ជ្រុងជ្រោយថា ទង្វើរបស់លោកស្រីធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ និងពលរដ្ឋទូទាំងប្រទេស ។ តើអ្នកទាំងអស់គ្នាដឹងទេថា លោកស្រី ផេថងថាន បានធ្វើអ្វីខ្លះ? ពលរដ្ឋគ្រប់រូបសូមប្រាប់ទៅលោកស្រីថា ពួកយើងឈឺចាប់ ប៉ុន្តែពុំដឹងធ្វើដូចម្តេច ដូច្នេះ សូមមេដឹកនាំទាំងអស់ស្តាប់សំឡេងរបស់ពលរដ្ឋផង ។

លោកស្រីសំណូមពរទៅលោកស្រី ផេថងថាន សូមកុំធ្វើបែបនេះ ពួកយើងយល់ពីផលប្រយោជន៍ជាតិ ប៉ុន្តែសូមលោកស្រីគិតពីពលរដ្ឋរងគ្រោះ ។ ពលរដ្ឋសូមអង្វរឱ្យលោកស្រីគិតឡើងវិញពីរឿងជម្លោះព្រំដែនដើម្បីប្រទេសជាតិ ពីព្រោះលោកស្រីបានធ្វើអ្វីកន្លងមក គឺលោកស្រីបានដឹងខ្លួនឯងច្បាស់ ។

គួរបញ្ជាក់ថា បើទោះជាពលរដ្ឋថៃនៅទូទាំងប្រទេសបណ្តេញលោកស្រី ផេថងថាន ឱ្យលាលែងពីតំណែងក្តី ក៏លោកស្រីនៅតែក្រាញននៀលពុំចុះចេញពីតំណែងឡើយ ។ លោកស្រីជឿជាក់ថា នឹងអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ ដោយព្យាយាមយកចិត្តពលរដ្ឋ ព្យាយាមយកចិត្តព្រះមហាក្សត្រ និងអំពាវនាវឱ្យពលរដ្ឋសហការជាមួយរដ្ឋាភិបាលតស៊ូធ្វើសង្គ្រាមជាមួយកម្ពុជា និងលាបពណ៌កម្ពុជាប្រាប់ពិភពលោក ៕