ប្រទេសថៃ ៖ តាំងពីកងទ័ពថៃបើកឆាកបា.ញ់ប្រ.ហារ និងឈ្លានពានលើបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យពលករកម្ពុជារាប់ម៉ឹននាក់សម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ ពីព្រោះការរស់នៅថៃគ្មានសុវត្ថិភាព រងនូវការគំរា.មកំហែងគ្រប់បែបយ៉ាងពីក្រុមជ្រុលនិយមថៃ ដែលបង្កការអុកឡុកតាមកន្លែងស្នាក់នៅរបស់ពលករកម្ពុជា ហើយទង្វើថោកទាបរបស់ក្រុមជ្រុលនិយមថៃចេះតែបន្តកើនឡើង បើទោះមានការហាមឃាត់ពីរដ្ឋាភិបាល និងសមត្ថកិច្ច ។ រីឯសិស្ស-និស្សិតកម្ពុជាមួយចំនួនដែលសិក្សានៅថៃ ក៏បានត្រឡប់មកកម្ពុជាវិញដែរ ក្នុងនោះនិស្សិតខ្លះចាកចេញពីថៃដោយឆ្លងដែនតាមឡាវ ។
.png)
និស្សិតកម្ពុជាខ្លះទៀតសម្រេចចិត្តរៀននៅថៃបន្ត ប៉ុន្តែពួកគេជួបការលំបាកយ៉ាងខ្លាំងខ្វះការទំនាក់ទំនង ដោយសារសាកលវិទ្យាល័យថៃមួយចំនួនដកហូតទូរស័ព្ទនិស្សិត ហើយសាកលវិទ្យាល័យថៃប្រាប់ឱ្យនិស្សិតកម្ពុជាបោះបង់ចោលអាហារូបករណ៍ ស្របពេលកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជាមិនឈប់ឈរ ។
និស្សិតកម្ពុជាម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា ៖ «ពេលនេះ សាលារៀនរបស់ខ្ញុំ គឺសាលា Boromarajchoni Nursing School នឹងដកហូតទូរស័ព្ទដៃខ្ញុំ រួមទាំងឧបករណ៍អេឡិចត្រូនិកទាំងអស់ ដែលធ្វើឱ្យខ្ញុំពុំអាចទំនាក់ទំនងជាមួយអ្នកណាបានទេ ។ សាលារៀនឱ្យនិស្សិតជ្រើសយកជម្រើសផ្សេងទៀត គឺនិស្សិតអាចត្រឡប់ទៅកម្ពុជាវិញ ហើយបោះបង់ចោលអាហារូបករណ៍» ។
.png)
ចំណែកនិស្សិតកម្ពុជាផ្សេងទៀតដែលសិក្សានៅប្រទេសថៃ ប្រាប់ថា គ្រាប់ផ្លោងហោះកាត់ក្បាល គ្មានអារម្មណ៍រៀនទេ ហើយក៏ពុំអាចលេបបាយចូលដែរ តើឱ្យទៅរៀននៅកន្លែងណា ។
ទោះយ៉ាងណា និស្សិតកម្ពុជាមួយចំនួនទៀតដែលសិក្សានៅទីក្រុងបាងកក ពុំត្រូវបានសាកលវិទ្យាល័យដកហូតទូរស័ព្ទទេ គឺមានតែសាកលវិទ្យាល័យមួយចំនួនប៉ុណ្ណោះដែលដកហូតទូរស័ព្ទនិស្សិត ។ ការដកហូតទូរស័ព្ទពីនិស្សិតកម្ពុជា ដោយសារថៃបារម្ភថា និស្សិតកម្ពុជានឹងរាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗប្រាប់កងទ័ពរបស់ខ្លួន ។
ផលវិបាករបស់សិស្ស-និស្សិតកម្ពុជាសិក្សានៅប្រទេសថៃ គឺកើតឡើងដោយសាររដ្ឋាភិបាល និងកងទ័ពថៃជាអ្នកបង្កបញ្ហាតាំងពីការរឹតបន្តឹងព្រំដែន បិទព្រំដែន រហូតដល់ធ្វើសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា ។ ការដកហូតទូរស័ព្ទរបស់សិស្ស-និស្សិតកម្ពុជា គឺជាការរំលោភសិទ្ធិបុគ្គលដែលពុំគួរកើតឡើងឡើយ ។
រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជា ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញមុខឱ្យកងទ័ពថៃឈប់ឈ្លានពានក្តី ។ ប៉ុន្តែពួកគេនៅតែដោះសារដើម្បីការពារខ្លួន និងប្រកែករាល់ទង្វើរបស់ខ្លួនទាំងអស់ ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃ ហើយថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាយ៉ាងឃោរឃៅ និងយ៉ាងគឃ្លើន ដោយប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ រួមមាន ៖ ដ្រូនអត្តឃាត, យន្តហោះបាញ់ផ្សែងគីមីពុល, យន្តហោះចម្បាំង និងគ្រាប់បែកចង្កោម ដែលរំលោភច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន ។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ជួន ណារ៉ុន ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ និស្សិតកម្ពុជា ចំនួន២៩នាក់ បានចាកចេញពីខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ មកកម្ពុជាវិញ តាមប្រទេសឡាវ ។ បន្ទាប់មក នៅថ្ងៃទី២៧ ខែកក្កដា និស្សិតកម្ពុជា ចំនួន៧៩នាក់ បានចេញពីខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ មកកម្ពុជាវិញ ៕










