រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំកម្ពុជា នាថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ នឹងចូលរួមក្នុងកិច្ចប្រជុំពិសេសមួយនៅប្រទេសម៉ាឡេស៊ី ដើម្បីស្វែងរកបទឈប់បា.ញ់ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងប្រទេសចិន។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
យោងតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ បានឲ្យដឹងថា៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។.jpg)
ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា៖ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ។ 
យ៉ាងណាមិញ សម្ដេចធិបតីក៏មិនភ្លេចថ្លែងអំណរគុណចំពោះឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ។

គួររម្លឹកថា កាលពីថ្ងៃសៅរ៍ ទី២៧ កន្លងទៅ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយថា កម្ពុជា និងថៃបានព្រមព្រៀងគ្នាឱ្យប្រទេសម៉ាឡេស៊ី ដើរតួជាអ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនរបស់ពួកគេ៕










