ប្រទេសថៃ ៖ សារព័ត៌មានថៃបានរាយការណ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ថា កងទ័ពអាកាសថៃបានច្រានចាលព័ត៌មានផ្សាយថា មេបញ្ជាការកងទ័ពអាកាសថៃបញ្ជាឱ្យវាយយករាជធានីភ្នំពេញត្រឹមតែរយៈពេល៥នាទី និងប្រាប់ឱ្យពលរដ្ឋឈប់ចែកចាយព័ត៌មានក្លែងក្លាយនេះ ។ ការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែករបស់កងទ័ពអាកាសថៃគ្មានបំណងឈ្លានពានកម្ពុជាទេ គ្រាន់តែការពារអធិបតេយ្យ និងពលរដ្ឋថៃប៉ុណ្ណោះ ។ .jpg)
កាលពីថ្ងៃទី២៥ ខែកក្កដា ហ្វេសប៊ុកផេកកងទ័ពអាកាសថៃបានដាស់តឿនពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) ថា មានការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមជាច្រើន ដោយអះអាងថា វាជាពាក្យសម្តីរបស់មេបញ្ជាការកងទ័ពអាកាស ។ នេះពុំមែនជាព័ត៌មានពិតប្រាកដទេ ពីព្រោះប្រតិបត្តិការផ្នែកអាកាសរបស់ថៃគ្មានបំណងឈ្លានពានកម្ពុជា ប៉ុន្តែជាការការពារអធិបតេយ្យជាតិ និងពលរដ្ឋ ។

ស្របពេលកងទ័ពថៃចាប់ផ្តើមបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមក នៅប្រទេសថៃមានការផ្សាយព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ ព័ត៌មានក្លែងក្លាយមួយផ្សាយថា «មេបញ្ជាការកងទ័ពអាកាសថៃនឹងវាយយកប្រទេសកម្ពុជាទាំងមូល បើកងទ័ពកម្ពុជាពុំដកថយ ដោយថៃចំណាយពេលវាយរាជធានីភ្នំពេញត្រឹមតែ៥នាទី គឺរាជធានីភ្នំពេញនឹងនៅសល់តែគំនរបាក់បែក» ដែលព័ត៌មាននេះត្រូវបានពលរដ្ឋថៃចែកចាយពេញបណ្តាញសង្គម ។.jpg)
កាលពីថ្ងៃទី២៥ ខែកក្កដា ពលរដ្ឋថៃបានចែកចាយសារសំឡេងមួយដែលគ្មានប្រភពច្បាស់លាស់នៅក្នុង TikTok ដែលសំឡេងនេះនិយាយថា កងទ័ពថៃនឹងយកទង់ជាតិថៃមកដាក់នៅកណ្តាលរាជធានីភ្នំពេញឱ្យបានមុនម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ។ ប៉ុន្តែមតិខ្លះថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយច្រើន ហើយសារសំឡេងនេះអាចជាសារសំឡេងចាស់យកមកចែកចាយឡើងវិញ ។

ដោយឡែក អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានច្រានចោលព័ត៌មានថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានកងទ័ព និងផ្ទះសម្បែងពលរដ្ឋខ្មែរ ។ លោកថា នេះជាព័ត៌មានមិនពិត កងទ័ពថៃគ្រាន់តែការពារខ្លួន ការពារពលរដ្ឋ និងទឹកដី ។
គួរបញ្ជាក់ថា កងទ័ពថៃបានឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រហូតឈានដល់យន្តហោះចម្បាំង F-16 ហើយកងទ័ពថៃតែងតែបដិសេធការប្រើប្រាស់អាវុធទាំងអស់របស់ខ្លួន ។ លើសពីនេះ ថៃបដិសេធនឹងប្រទេសនានាដែលស្នើសុំសម្របសម្រួលកាត់បន្ថយស្ថានការណ៍ជម្លោះនៅតំបន់ព្រំដែន ហើយថៃអំពាវនាវឱ្យកម្ពុជាចរចាទ្វេភាគី ។ 
ថៃដឹងខ្លួនច្បាស់ណាស់ បើប្រទេសនានាមកជួយសម្របសម្រួល ឬឱ្យថៃឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺថៃនឹងចាញ់កម្ពុជាមិនខាន ។ ថៃប្រាប់ពិភពលោកថា ប្រទេសខ្លួនរងគ្រោះដោយសារកងទ័ពកម្ពុជាបាញ់ ចុះបើរងគ្រោះពិតមែន ហេតុអ្វីថៃពុំព្រមចរចាដោយសន្តិវិធី ហេតុអ្វីនៅតែបន្តបាញ់គ្រាប់ផ្លោងយ៉ាងគំហុកមកលើកម្ពុជា? នៅថ្ងៃទី២៦ ខែកក្កដា នេះ កងទ័ពថៃបានចល័តរថពាសដែក ចម្ងាយ៣០០ម៉ែត្រពីច្រក ព្រំដែនអន្តរជាតិប៉ោយប៉ែតទៀតផង ៕










