ប្រទេសថៃ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុគូល ព្រឹក្សានុសាក់ បាននិយាយពីស្ថានការណ៍អសន្តិសុខនៅប្រទេសថៃ ដោយសារក្រុមស្ទាវដើរបង្កបញ្ហាវាយធ្វើបាបពលរដ្ឋខ្មែរ រួចហើយថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ។ រដ្ឋាភិបាលថៃប្រកាសឱ្យក្រុមស្ទាវត្រូវបញ្ឈប់ការបង្កើតមាតិកាធ្វើបាបរាងកាយពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃ និងឱ្យតាំងស្មារតី ពីព្រោះពលរដ្ឋខ្មែរពុំបានធ្វើបាបពលរដ្ឋថៃរស់នៅកម្ពុជាទេ ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អនុគូល ព្រឹក្សានុសាក់ និយាយថា ពលរដ្ឋខ្មែររស់នៅប្រទេសថៃពុំពាក់ព័ន្ធនឹងការបាញ់ប្រហារនៅតំបន់ព្រំដែនកម្ពុជា-ថៃទេ ហើយលោកសំណូមពរឱ្យក្រុមស្ទាវថៃគិតពីមនុស្សធម៌ ។ រដ្ឋាភិបាលបានឱ្យសមត្ថកិច្ចចុះពិនិត្យមើលក្នុងតំបន់ដើម្បីកុំឱ្យស្ទាវថៃធ្វើបាបពលរដ្ឋខ្មែរ ជាពិសេស កន្លែងស្នាក់នៅរបស់ពលករខ្មែរ ។ ប្រសិនបើសមត្ថកិច្ចបានឃើញក្រុមស្ទាវធ្វើបាបរាងកាយពលរដ្ឋខ្មែរ គឺនឹងចាប់ពួកគេដាក់ទោសតាមច្បាប់ ។

រដ្ឋាភិបាល និងកងទ័ពថៃពុំគាំទ្រឱ្យពលរដ្ឋខ្លួនប្រព្រឹត្តអំពើហិង្សាធ្វើបាបជនស្លូតត្រង់ដោយសារចង់សងសឹករឿងជម្លោះព្រំដែន ជាពិសេស ធ្វើបាបពលរដ្ឋខ្មែរស្នាក់នៅថៃដែលពុំពាក់ព័ន្ធ ។ ប៉ុន្តែរដ្ឋាភិបាលសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នាប្រឆាំង និងទម្លាក់កំហុសមកលើកម្ពុជា ព្រមទាំងតាមដានស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ ។ នេះបើតាមការលើកឡើងរបស់លោក អនុគូល ព្រឹក្សានុសាក់ ។

តាំងពីកងទ័ពថៃបើកឆាកធ្វើសង្គ្រាមមុនជាមួយកម្ពុជានៅតាមបណ្តោយព្រំដែនឃើញថា ក្រុមស្ទាវថៃចាប់ផ្តើមដើរវាយធ្វើបាបពលរដ្ឋខ្មែរជាច្រើនកន្លែង មិនថាពលរដ្ឋខ្មែរស្នាក់នៅអគារខ្ពស់ប៉ុនណា ក៏ពួកគេស្រែកសួររកពលរដ្ឋខ្មែរដែរ ដើម្បីវាយធ្វើបាប ដូចជា ៖ ទាត់ធាត់ និងទះកំផ្លៀងថតបង្ហោះក្នុងបណ្តាញសង្គម ។ ទង្វើព្រៃផ្សៃនេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារក្រុមស្ទាវថៃ និងពលរដ្ឋថៃមួយចំនួនខ្វះការពិចារណា ហើយពុំត្រូវបានអាជ្ញាធរចាប់ខ្លួនឡើយ ។

ការធ្វើបាបពលរដ្ឋខ្មែរស្នាក់នៅថៃត្រូវបានពលរដ្ឋថៃខ្លះគាំទ្រ ដោយសារបច្ចុប្បន្ន កម្ពុជា-ថៃកំពុងប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ប៉ុន្តែពលរដ្ឋថៃខ្លះទៀតពុំគាំទ្រ និងសំណូមពរឱ្យក្រុមស្ទាវបញ្ឈប់ទង្វើថោកទាបជាបន្ទាន់ ពីព្រោះពលរដ្ឋថៃរស់នៅប្រទេសកម្ពុជា ពុំត្រូវបានពលរដ្ឋខ្មែរធ្វើបាប ឬរើសអើងទេ ៕