ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា ភ្នាក់ងារសង្គ្រោះខេត្តចាន់បុរី បានទទួលសេចក្តីរាយការណ៍មានជនរងគ្រោះត្រូវក្រុមស្ទាវវាយធ្វើបាបរាងកាយក្នុងបន្ទប់ជួល នៅផ្លូវស៊ុសាន ឃុំចាន់និមិត្ត ស្រុកមឿងចាន់បុរី ក៏បញ្ជូនក្រុមស្ម័គ្រចិត្តទៅកន្លែងកើតហេតុជាបន្ទាន់ ។ ជនរងគ្រោះជាយុវជនខ្មែរស្នាក់នៅបន្ទប់ជួល មានស្នាមរបួសលើចិញ្ចើម ក្បាល ក្បាលជង្គង់ និងស្នាមជាំពេញខ្លួន គ្រាន់តែប្រាប់ទៅក្រុមស្ទាវថា ជាជ.នជាតិខ្មែរ ។

យុវជនខ្មែរ អាយុ២៤ឆ្នាំ ដែលត្រូវក្រុមស្ទាវថៃវាយនិយាយថា ខ្លួនទើបតែចេញពីធ្វើការក្នុងរោងចក្រសាច់ជ្រូក ហើយកំពុងតែដើរចូលបន្ទប់ជួល ។ ពេលនោះ ក៏មានរថយន្តតូចពណ៌ខ្មៅ១គ្រឿង បើកមកចតនៅមុខបន្ទប់ជួល ហើយមានក្រុមស្ទាវថៃ២នាក់ចុះពីរថយន្តមកសួរខ្លួនថា ៖ «តើជាជនជាតិខ្មែរមែនទេ?» ខ្លួនឆ្លើយតបថា ៖ «ពិតមែន ខ្ញុំជាជនជាតិខ្មែរ» ស្រាប់តែស្ទាវថៃទាំង២នាក់ស្ទុះមកទាត់ធាក់តែម្តង យុវជនខ្មែរពុំអាចតដៃការពារខ្លួន រួចហើយក្រុមស្ទាវបានឡើងជិះរថយន្តគេចភ្លាមៗ ។

យុវជនខ្មែររូបនេះបានណាត់ជាមួយមិត្តភក្តិខ្មែរទៅលេងសមុទ្រនៅថ្ងៃទី២៧ ខែកក្កដា ហើយវាជាថ្ងៃដែលក្រុមស្ទាវថៃណាត់គ្នាធ្វើដំណើរទៅប្រាសាទតាមាន់ធំ នៅព្រំដែនកម្ពុជា-ថៃ ទើបធ្វើឱ្យក្រុមស្ទាវនៅខេត្តចាន់បុរី យល់ខុសថា យុវជនខ្មែរមានបំណងសើចចំអក ឬប្រឆាំងនឹងស្ទាវថៃក្នុងបណ្តាញសង្គម ។ យុវជនខ្មែរគ្មានរឿងឈ្លោះប្រកែកជាមួយជនជាតិថៃទេ ពីព្រោះខ្លួនបានមកធ្វើការស្របច្បាប់នៅថៃ ពុំធ្លាប់បង្កបញ្ហាជាមួយអ្នកណាឡើយ ។

យុវជនខ្មែររូបនិយាយទាំងសោកស្តាយថា បន្ទាប់ពីត្រូវក្រុមស្ទាវថៃព្រួតគ្នាវាយធ្វើបាប ខ្លួនសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី២៥ ខែកក្កដា ដោយសាររស់នៅថៃគ្មានសុវត្ថិភាព ហ៊ានធ្វើការនៅថៃបន្តទេ ។ ទោះយ៉ាងណា យុវជនខ្មែរពុំប្តឹងក្រុមជនល្មើស ដោយសារខ្លាចមានគ្រោះថ្នាក់ខ្លាំងជាងនេះ ។

ចំណែកម្ចាស់បន្ទប់ជួលដែលយុវជនខ្មែរស្នាក់នៅរៀបរាប់ថា បានដឹងរឿងរ៉ាវពីអ្នកមករកជួលបន្ទប់ប្រាប់ថា មានជនរងគ្រោះដួលនៅមុខបន្ទប់ជួល ។ ពេលម្ចាស់បន្ទប់ជួលដើរមកដល់ ស្រាប់តែឃើញយុវជនខ្មែរមានស្នាមឈាមពេញខ្លួន និងទទួលបានការជួយសង្គ្រោះពីភ្នាក់ងារសង្គ្រោះ ។

គួរបញ្ជាក់ថា នៅមានក្រុមស្ទាវថៃជាច្រើនក្រុមទៀតដើរវាយពលរដ្ឋខ្មែរស្លូតត្រង់ និងគ្មានទំនាស់អ្វីសោះ គ្រាន់តែឆ្លើយថាជាជនជាតិខ្មែរ ។ ករណីមួយទៀត ថ្មីៗនេះ ក្រុមស្ទាវថៃក៏បានវាយយុវជនមីយ៉ាន់ម៉ាផងដែរ ពីព្រោះច្រឡំជាជនជាតិខ្មែរ ៕