បញ្ហាក្តៅគគុកនៅព្រឹកថ្ងៃទី២៤ កក្កដា នេះដែលមានការផ្ទុះអាវុធរវាងខ្មែរនិងថៃបានធ្វើឱ្យអ្នកច្នៃម៉ូតថៃម្នាក់បានបង្ហាញពីបវរកញ្ញាខ្មែរមួយរូបមានបំណងទាក់ទងខ្លួនឱ្យធ្វើឈុតតំណាងជាតិ។ ខ្លឹមសារការទាក់ទងអ្នកទាំងពីរគឺធ្វើឡើងកាលពីខែឧសភា ប៉ុន្តែទើបតែធ្លាយចេញនៅពេលនេះ។
នៅរសៀលថ្ងៃទី២៤ កក្កដា គណនីហ្វេកប៊ុកមួយឈ្មោះថា «Art Akarach» ដែលជា Designer ច្នៃឈុតតំណាងជាតិក្នុងកម្មវិធីបវរកញ្ញា បានបង្ហោះរូបភាព Screenshot ដោយមានបវរកញ្ញាខ្មែរម្នាក់ឆាតទៅជាមួយនឹងពាក្យថា «សាវាឌីខាស»។ អ្នកច្នៃម៉ូតរូបនេះបានសរសេរជាភាសាថៃនៅលើការបង្ហោះរបស់ខ្លួនបញ្ជាក់ថាបើប្រទេសនេះដែលចង់សម្តៅមកលើកម្ពុជាទាក់ទងមករូបគេ រូបគេ នឹងបដិសេធ ហើយច្បាស់ជាមិនធ្វើការជាមួយខ្មែរទេ ទោះជាដំណាក់កាលណាក៏ដោយ»។.png)
អ្នកច្នៃម៉ូតរូបនេះ មិនបានបង្ហាញថាជាបវរកញ្ញាខ្មែរណាដែលឆាតទៅនោះទេ ប៉ុន្តែរូបភាពតែបន្តិចអ្នកលេងបណ្តាញសង្គមជាច្រើនសង្ស័យនិងមានការចោទប្រកាន់ថាជា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ នៅលើទំព័រផេក «Team Cambodia Pageant» ក៏បានភ្ជាប់រូបភាពដែលអ្នកច្នៃម៉ូតជនជាតិថៃបង្ហោះរួមជាមួយនឹងរូប ពេជ្រ វត្តីសារ៉ាវឌ្ឍី ដោយបានដាក់ជាសំណួរថា «ស្លាប់ហើយលោកអើយយ៉ាងនេះ! តើពិតទេតីឆាតទៅឱ្យជនជាតិថៃច្នៃឈុតតំណាងជាតិឱ្យហើយត្រូវជនជាតិថៃ Say No រឺក៏ខ្មែរខ្វះស្នាដៃ? ជំនោរទៅថៃពេកហើយតី»។ .png)
យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមអំពីបវរកញ្ញាខ្មែរទាក់ទងទៅអ្នកច្នៃម៉ូតជនជាតិថៃបានធ្វើឱ្យមតិរិះគន់យ៉ាងខ្លាំងនិងមានការចោទប្រកាន់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលនាងកំពុងតែប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ ទាក់ទងនឹងរឿងអាស្រូវដែលឈ្មោះរបស់ខ្លួនមានការចោទប្រកាន់នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពុំទាន់ចេញមុខបកស្រាយនៅឡើយគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥៕










