ប្រទេសចិន ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលចិនបានបង្ហាញក្តីបារម្ភអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយរដ្ឋាភិបាលចិនសង្ឃឹមថា ប្រទេសទាំងពីរនឹងចរចាគ្នាដោះស្រាយបញ្ហាជម្លោះព្រំដែន ។

ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ ខែកក្កដា ថា រដ្ឋាភិបាលចិនមានក្តីបារម្ភពីស្ថានការណ៍នៅបរិវេណព្រំដែនកម្ពុជា-ថៃ ហើយចិនសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាតាមរយៈការជជែកចរចាគ្នា ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គួ ជៀឃុន និយាយថា ប្រទេសចិននឹងដើរតួនាទីកាត់បន្ថយជម្លោះ និងមានគោលជំហរអព្យាក្រឹត ឬប្រកាន់គោលជំហរកណ្តាល ។ យើងនឹងគាំទ្រសន្តិភាព និងគាំទ្រការជជែកតាមវិធីរបស់យើង រួមទាំងដើរតួនាទីកាត់បន្ថយភាពតានតឹង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកក្កដា នេះ ។.png)
ការបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលចិនចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ គឺបន្ទាប់ពីកងទ័ពថៃបើកការវាយប្រហារមកលើកម្ពុជាមុន និងប្រើប្រាស់សព្វាវុធធុនធ្ងន់ផ្លោងចូលទឹកដីកម្ពុជា ខណៈកន្លងមក កម្ពុជាបានអត់ធ្មត់ និងព្យាយាមពុំធ្វើសង្គ្រាមជាមួយថៃ ។
ការឈ្លានពាន និងបាញ់ប្រហារមកលើកម្ពុជាមុនពីសំណាក់កងទ័ពថៃបានធ្វើឱ្យពលរដ្ឋខ្មែររស់នៅខេត្តឧត្តរមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃជួបការលំបាក ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទៅកន្លែងសុវត្ថិភាព ៕










