ភាពតានតឹងនៅបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃនៅមិនទាន់ថមថយកម្តៅនៅឡើយទេផ្ទុយទៅវិញភាគីថៃតែងតែចោទប្រកាន់មកកាន់ភាគីខាងកម្ពុជាជារឿយៗ។ ស្របពេលប្រទេសជាតិកំពុងជួបបញ្ហាការពារទឹកដីពីសត្រូវឈ្លានពានងាកមកកាត់តារាចម្រៀង ជី ដេវីត ទេព បូព្រឹក្ស តារាចម្រៀង ពេជ្រ សូលីកា ពិធីការិនី សុភ័ក្រ្ត កុសុម៉ា រួមទាំងបវរកញ្ញានិងអ្នកសិល្បៈជាច្រើនរូបទៀតបានបង្ហោះនៅលើបណ្តាញសង្គមលើកទឹកចិត្តកងទ័ពជួរមុខនិងបួងសួងឱ្យកងទ័ពខ្មែរសុខសប្បាយ។
តារាចម្រៀង ទេព បូព្រឹក្ស បានសរសេរថា «បុព្វហេតុកាពារជាតិស្មារតីស្នេហាជាតិក្នុងកាលទេសៈនេះយើងខ្ញុំសូមប្តេជ្ញាចូលរួមជាមួយប្រទេសជាតិត្រូវបូជាឈាមការពារអធិបតីភាពទឹកដី កម្ពុជា ពីចោរឈ្លានពានដោយយើងខ្ញុំនឹងតាំងនាមជា ទ័ពជួរក្រោយសូមលើកទឹកចិត្ត និង សម្តែងនូវសេចក្ដីជឿជាក់ទាំងស្រុងជូនបងប្អូនកងទ័ពជួរមុខ ដោយត្រៀមលក្ខណៈកម្ចាត់ចោរឈ្លានពានចេញពីទឺកដីកម្ពុជា ឬ បម្រុងបំពានអធិបតីភាពដែនដីកម្ពុជា។ វត្ថុស័ក្ដិសិទ្ធិ និង ឬទ្ធីទសបរមីនៃរាជានិងស្តេចមេទ័ពគ្រប់អង្គដែលមានអនុភាពទ្រង់នឹងជួយជាកម្លាំងទ្រទ្រង់ដ៏ខ្លាំងខ្លាដល់ទ័ពដ៏អង់អាចកម្ពុជា។ ចោរតាំងចិត្តជាបិសាចឈ្លានពានចោរនឹងវិនាសដោយសេក្តីប្រមាថរបស់ចោរជាក់ជាមិនខាន»។
តារាចម្រៀង ជី ដេវីត បានបន្ថែមលើការបង្ហោះរបស់ ទេព បូព្រឹក្ស ថា «កងទ័ពកម្ពុជាដ៏អង់អាចត្រៀមលក្ខណរួចរាល់ក្នុងការការពារបូរណភាពទឹកដីពីចោរឈ្លានពាន ដោយអំណាចនៃសច្ចធម៌ដោយសេចក្តីមិនប្រមាថវត្ថុស័ក្ដិសិទ្ធិនៃស្តេចមេទ័ពនឹងជួយជ្រោមជ្រែងដល់ដែនដីមួយនេះ។ ចោរតាំងចិត្តជាបិសាចឈ្លានពានចោរនឹងវិនាសដោយសេក្តីប្រមាថរបស់ចោរជាក់ជាមិនខាន»។

តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះថា «សូមបួងសួងបារមីវត្ថុស័ក្តិសិទ្ធគ្រប់ទិសទីជួយឃុំគ្រងថែរក្សាការពារបងៗកងកម្លាំងទាំងអស់»។ ពិធីការិនី សុភ័ក្រ្ត កុសុម៉ា វិញបានលើកឡើងទឹកចិត្តកងទ័ពជួរមុខថា «សូមដួងព្រលឹងព្រះមហាវិរៈក្សត្រខ្មែរ កំពូលមេទ័ពខ្មែរ ព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ និងទសបារមីវត្ថុស័ក្តិសិទ្ធិសូមជួយឃុំគ្រងថែរក្សាបងប្អូនកម្លាំងកងទ័ពខ្មែរ សូមឈ្នះអស់មារសត្រូវ និងជួបតែសេចក្តីសុខសុវត្ថិភាពជានិរន្តរ៍
ខ្មែររួបរួមខ្មែរខ្លាំងសូមមេត្តាបងប្អូនកុំបង្ហាញរូបភាពកងកម្លាំងទ័ពចល័ត»។
តារាចម្រៀង នី រតនា ថា «ម៉ោងនេះ វេលានេះ កម្ពុជាមិនមែនសម័យលង្វែក សម័យឧដុង្គឡើយ ប្រទេសកម្ពុជាខ្ញុំតូចទេ ប៉ុន្តែតាន់ ចង់សាក សាកបាន កម្ពុជាមិនឈ្លានពានប្រទេសណាឡើយ សុំតែការពារខ្លួនប៉ុណ្ណោះ សូមបារមីវត្ថុសក្តិសិទ្ធិ ព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ជួយតាមថែរក្សាឃុំគ្រងបងប្អូនកងទ័ពខ្មែរអោយជួបតែសេចក្តីសុខ ឈ្នះអស់មារសត្រូវឈ្លានពាន ខ្មែររួបរួមខ្មែរសាមគ្គីខ្មែរខ្លាំង។.png)
កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 វិញបានជូនពរទៅកាន់កងទ័ពខ្មែរថា «សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធគ្រប់ទិសទី ទាំងអស់ ជួយការពារ និងឃ្លាំមើលបងៗកងកម្លាំងដ៏អង់អាចរបស់យើងទាំងអស់ផងចុះ។ សូមឱ្យជៀសផុតពីគ្រោះគ្រប់យ៉ាង និងឆ្លងកាត់រាល់ឧបសគ្គដោយសុខសន្តិភាព ឯកភាពជាតិ និងមានសុវត្ថិភាពសម្រាប់ជាតិយើង»។ ប៊ី សុធារី វិញបានបង្ហោះថា «សូមបារមីស័ក្ដសិទ្ធគ្រប់ទិសទីតាមថែរក្សា ការពារ ដល់កងទ័ពកម្ពុជាគ្រប់រូបអោយមានសុខសុវត្ថិភាព»។
មិនត្រឹមតែសិល្បករ សិល្បការិនីខាងលើនេះប៉ុណ្ណោះទេតារាល្បីៗជាច្រើនរូបទៀតបានបួងសួងវត្ថុស័ក្តិសមថែរក្សាកងទ័ពកម្ពុជាក្នុងគ្រាដែលចោរសៀមឈ្លានពានមកលើទឹកដីកម្ពុជា៕










