ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងថា កងកម្លាំងការពារព្រំដែនកម្ពុជា កំពុងម្ចាស់ការលើការវាយខ្មាំងថៃ ខណៈថៃបានវា.យប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ។
យោងតាមការបង្ហោះនៅទំព័ហ្វេសប៊ុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា «ក្រោមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន ដ៏អង់អាចក្លាហានរបស់យើង បាននិងកំពុងម្ចាស់ការលើសមរភូមិវាយខ្មាំងថៃ ដ៏សាមាន្យ ដែលបើកការវាយប្រហារលើទីតាំងឈរជើងរបស់ខ្មែរ នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងពង្រីកភូមិសាស្ត្រវាយប្រហារដល់តំបន់មុំបី ខេត្តព្រះវិហារ»។
លោកបានគូសបញ្ជាក់ថា «យើងខ្ញុំសមរភូមិក្រោយនៅក្បែរបងៗសមរភូមិមុខជានិច្ច គាំទ្រលើកទឹកចិត្ត និងបួងសួងអស់បារមីគ្រប់ទិសទីឃុំគ្រងអភិបាលប្រកបដោយសុវត្ថិភាព យកឈ្នះលើមារសត្រូវកុំបីខាងឡើយ។ ទន្ទឹមនេះ សូមជនរួមជាតិនៅសមរភូមិក្រោយ រក្សាភាពស្ងាត់ស្ងៀម មានលំនឹងក្នុងចិត្ត និងសូមបន្តការងារក្នុងជីវភាពប្រចាំថ្ងៃជាប្រកតី តាមអនុសាសន៍សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃយើង»។
ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា កម្ពុជាប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយោធាយ៉ាងកម្រោល សាហាវ ឃោរឃៅ របស់យោធាថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏អំពាវនាវឱ្យសមាជិកសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ថៃផងដែរ៕










