ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពិចារណាតភ្ជាប់ទឹកដីអង្គរនៃខេត្តសៀមរាប មកកាន់តំបន់នារតី តាមរយៈការធ្វើដំណើរតាមព្រែកជីកហ្វូណនតេជោ។

យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងថា៖” នាពេលខាងមុខនេះ ក្រសួងមានមហិច្ឆតា ចង់ឱ្យមានការធ្វើដំណើរពី ខេត្តសៀមរាប ទៅកាន់តំបន់សមុទ្រតែម្ដង តាមរយៈព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ កំពុងតែអនុវត្តទៅតាមផែនការ ហើយនៅពេលព្រែកជីកធ្វើរួច យើងអាចតភ្ជាប់ពីទន្លេទៅកាន់តំបន់សមុទ្របាន។

ជាងនេះទៅទៀត គម្រោងនេះ នឹងផ្តល់ភាពងាយស្រួល និងបទពិសោធន៍ថ្មី ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយមានជម្រើសច្រើន ក្នុងការដើរកម្សាន្ត មិនថាតាមផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាស។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧០០ លានដុល្លារ៕