ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃណែវណា ញូវ (Naewna News) រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងពុំនៅស្ងៀមជាមួយករណីកងទ័ពថៃ៣នាក់ ដើរជាន់មី.នបណ្តាលឱ្យដាច់ជើង និងរងរបួសនៅព្រំដែនទេ ។ ថៃនឹងតវ៉ាជាមួយកម្ពុជា ប្រសិនបើរកឃើញថា ជាមី.នថ្មី ពីព្រោះកម្ពុជាលួ.ចដាក់មីនក្នុងទឹកដីថៃ ល្មើសអនុសញ្ញាអូតាវ៉ា ឆ្នាំ១៩៩៩ ។

នាថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត បានទៅមន្ទីរពេទ្យនៅខេត្តឧប៊ុនរ៉ាជថានី ដើម្បីសួរសុខទុក្ខកងទ័ពថៃរងរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់មុំ៣ ។ បច្ចុប្បន្ន កងទ័ពថៃទាំង៣នាក់មានសុវត្ថិភាព និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ ។
អង្គភាពកម្ចាត់មីនកងទ័ពជើងគោកបានបញ្ជូនភ្នាក់ងារដោះមីនទៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងមកឱ្យអ្នកជំនាញគ្រាប់ផ្ទុះវិភាគយ៉ាងលម្អិត ។ ការវិភាគនឹងចំណាយពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានទិន្នន័យពិតប្រាកដពីប្រភេទមីន និងពេលវេលាដាក់មីនថា តើជាមីនថ្មី ឬមីនចាស់? ប្រសិនបើជាមីនថ្មី គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ដែលអនុញ្ញានេះបញ្ជាក់ថា ហាមប្រើប្រាស់ និងរក្សាទុកមីនសម្លា.ប់បុគ្គល ខណៈកម្ពុជា និងថៃ គឺជាប្រទេសភាគីនៃអនុសញ្ញានេះតាំងពីឆ្នាំ១៩៩៩ ។ ប្រសិនបើរកឃើញថា វាជាមីនថ្មី រដ្ឋាភិបាលថៃនឹងពុំនៅស្ងៀមឡើយ ។
លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃនិយាយថា ៖ «បើមានការឈ្លានពានចូលអធិបតេយ្យថៃ យើងនឹងចាត់វិធានការ ហើយសូមពលរដ្ឋជឿជាក់ យើងនឹងពុំនៅស្ងៀមទេ» ។
ចំណែកក្រសួងការបរទេសថៃបានបង្ហាញការសោកស្តាយចំពោះហេតុការណ៍កើតឡើងនៅតំបន់មុំ៣ ដែលបណ្តាលឱ្យកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួស ។ សូមឱ្យកងទ័ពថៃទាំង៣នាក់ជាសះស្បើយឆាប់ៗ ហើយក្រសួងការបរទេសពុំបាននៅស្ងៀម គឺពេលទទួលបានលទ្ធផលការត្រួតពិនិត្យមីនជាផ្លូវការរួចហើយ យើងនឹងចាត់វិធានការបន្តទៀត ។
បើប្រទេសថៃរកឃើញភស្តុតាងច្បាស់លាស់ គឺនេះជាការខកបំណងយ៉ាងខ្លាំងទៅលើកម្ពុជា ដែលជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ា ។ ថៃនឹងចាត់ទុកថា វាជាការរំលោភអនុសញ្ញា ដោយថៃនឹងចាត់វិធានការរឿងនេះ មិនថាការតវ៉ាដោយផ្ទាល់ជាមួយកម្ពុជាកម្រិតទ្វេភាគី ឬកំណត់វិធានការផ្សេងៗ ។ បើវាជាមីនថ្មី គឺកម្ពុជាល្មើស MOU ឆ្នាំ២០០០ និងរំលោភអធិបតេយ្យរបស់ថៃ ៕










