ប្រទេសថៃ ៖ សារព័ត៌មានវៀតណាមរាយការណ៍ថា ទីក្រុងបាងកក ប្រទេសថៃ ធ្លាប់ជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ពលរដ្ឋវៀតណាមកន្លងមក បច្ចុប្បន្ន ពលរដ្ឋវៀតណាមលែងចាប់អារម្មណ៍ទីក្រុងបាងកកទៀតហើយ ពួកគេចាប់អារម្មណ៍ទៅដើរលេងនៅប្រទេសសិង្ហបុរី និងតៃវ៉ាន់ វិញ ។ ក្រៅពីនេះ ពលរដ្ឋវៀតណាមបានដើរលេងនៅតំបន់ទេសចរណ៍ក្នុងស្រុក ដូចជា ៖ ទីក្រុងដាណាង និងណាត្រាំង ដោយសារមើលឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងនាំឱ្យការធ្វើដំណើរគ្មានសុវត្ថិភាព ។
ពលរដ្ឋវៀតណាមយល់ថា បច្ចុប្បន្ន ប្រទេសថៃបានបិទព្រំដែន និងកំណត់វិធានការយ៉ាងតឹងរ៉ឹងជាមួយកម្ពុជា ដែលធ្វើឱ្យពលរដ្ឋវៀតណាមគិតពីសុវត្ថិភាពក្នុងការធ្វើដំណើរ និងចាប់ផ្តើមភ័យខ្លាចប្រទេសថៃ ។ លើសពីនេះ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនបានកាត់បន្ថយជើងហោះហើរមកទីក្រុងបាងកក ដូចជា ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃ រវាងទីក្រុងហូជីមិញ និងបាងកក ពី៤ជើងក្នុង១ថ្ងៃ មកត្រឹមតែ៣ជើងក្នុង១ថ្ងៃ ។.jpg)
ចំណែកក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមជាច្រើនទៀត ក៏បានកាត់បន្ថយជើងហោះហើរមកកាន់ប្រទេសថៃដែរ ។ ស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា និងថៃ គឺជាមូលហេតុមួយធ្វើឱ្យចំនួនពលរដ្ឋវៀតណាមមកដើរលេងប្រទេសថៃធ្លាក់ចុះ ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាមត្រូវកាត់បន្ថយជើងហោះហើរមកថៃដោយសារអតិថិជនតិច ។

ដំណើរកម្សាន្តមកប្រទេសថៃជាកញ្ចប់ (ឬដំណើរកម្សាន្តរយៈពេល៥ថ្ងៃ ៤យប់) តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏ធ្លាក់ចុះដែរ ដោយសារបញ្ហាព្រំដែនតានតឹងវាងប្រទេសថៃ និងកម្ពុជា ស្របពេលប្រទេសនានាប្រកួតប្រជែងដណ្តើមចំនួនភ្ញៀវទេសចរ ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរវៀតណាមបានធ្វើដំណើរមកលេងប្រទេសថៃ ស្មើជិត១លាននាក់ ស្ថិតក្នុងលំដាប់ទី១១ ។
ការបិទព្រំដែនពីសំណាក់កងទ័ព និងរដ្ឋាភិបាលថៃដែលចង់ដាក់សម្ពាធមកលើកម្ពុជា បែរជាធ្វើឱ្យប្រទេសថៃខ្លួនឯងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ខណៈអាជីវកម្មថៃដួលរលំមួយចំនួនធំ ពលរដ្ឋថៃធ្វើការក្នុងក្រុមហ៊ុនផលិតទំនិញនាំចេញមកកម្ពុជា ត្រូវបាត់បង់ការងារធ្វើ ។ លើសពីនេះ ថែមទាំងធ្វើឱ្យថៃបាត់បង់ភ្ញៀវទេសចរខ្មែរ និងភ្ញៀវទេសចរបរទេស រួមទាំងភ្ញៀវទេសចរវៀតណាម ដោយសារភ្ញៀវទេសចរយល់ថា ប្រទេសថៃលែងមានសុវត្ថិភាពសម្រាប់ពួកគេ ៕










