ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងការកំណត់មិនយកពន្ធបដិការនៅពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅកាន់ទីផ្សាសេដ្ឋកិច្ច។
គួរជម្រាបថា វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្ដួចផ្ដើមឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាកំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍអន្តរជាតិអង់គ្លេស លោកស្រី Jenny Chapman ថា «គោលការណ៍អនុគ្រោះពន្ធថ្មីនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និតជាមួយអង់គ្លេស»។ លោកស្រីបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរ ហើយប្រទេសមួយចំនួននៅប៉ែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេសក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។ 
ជាមួយគ្នានេះ បើទោះជាមាននិន្នាការនៃការអនុគ្រោះពន្ធពីចក្រភពអង់គ្លេសក្ដី ប៉ុន្តែសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ ដូច្នេះអង់គ្លេសក៏គួរពិចារណាចរចា ឬបង្កើនក្របខណ្ឌបញ្ជាទិញរបស់ខ្លួនពីរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេស ស្របពេលដែលពន្ធបដិការរបស់អាមេរិកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រាជា។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧ របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងអង់គ្លេសរយៈពេល៦ខែ នៃឆ្នាំ២០២៥ មានទំហំប្រមាណ ៥១៥ លានដុល្លារ កើនឡើង ១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសវិញ មានទំហំទឹកប្រាក់ជិត ៥០០ លានដុល្លារ កើនឡើង ១៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕










