ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពេលឃើញប្រទេសថៃមានជម្លោះជាមួយកម្ពុជា ស្រាប់តែកងទ័ពវ៉ាឌែងនៅមីយ៉ាន់ម៉ាបានចល័តកម្លាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ជាហេតុធ្វើឱ្យកងទ័ពថៃប្រមូលកម្លាំងការពារអធិបតេយ្យ និងប្រកាសតទល់ភ្លាមៗជាមួយកងទ័ពវ៉ាឌែង ។ ក្រៅពីនេះ កងទ័ពថៃនឹងទប់ស្កាត់ការជួញដូរគ្រឿងញៀនរបស់កងទ័ពវ៉ាឌែងចូលមកថៃ ដោយបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យតាមព្រំដែន ។
សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃកំពុងចាប់អារម្មណ៍ និងប្រមូលកម្លាំងទ័ពទៅកាន់ខេត្តភាគឦសាននៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយសារព័ត៌មានថៃនានាក៏ផ្តោតការផ្សព្វផ្សាយតែជម្លោះព្រំដែនជាមួយកម្ពុជា ។ ប៉ុន្តែនៅព្រំដែនភាគខាងជើងថៃឯណោះវិញ ជាពិសេស នៅបរិវេណជាប់ជាមួយកងទ័ពវ៉ាឌែង ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ធំលំដាប់ពិភពលោក បានចល័តកម្លាំងនៅតាមព្រំដែន ។

បើតាមសេចក្តីរាយការណ៍ គឺកាលពីខែមិថុនា ឆ្នាំ២០២៥ កងទ័ពវ៉ាឌែងនៅប្រទេសមីយ៉ាន់ម៉ា បានព្យាយាមបញ្ជូនថ្នាំញៀនរាប់លានគ្រាប់តាមព្រំដែនចូលមកទឹកដីថៃ ដោយសារគិតថា កងទ័ពថៃផ្តោតការចាប់អារម្មណ៍តែរឿងជម្លោះព្រំដែនជាមួយកម្ពុជា ។ 
នៅថ្ងៃទី១៣ ខែកក្កដា មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងជាប្រធានមជ្ឈមណ្ឌលបង្ការ ដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានចុះពិនិត្យមើលទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ និងតាមដានការអនុវត្តការងាររបស់កងកម្លាំងពិសេសទប់ស្កាត់ថ្នាំញៀនតាមបណ្តោយព្រំដែនភាគខាងជើង ។ លោកថា ថៃចាំបាច់ត្រូវតែបង្កើនកម្លាំងឱ្យច្រើន ដោយសារបទល្មើសតាមព្រំដែនកើនឡើងនាពេលបច្ចុប្បន្ន ។
លោកបានបញ្ជាឱ្យមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពជើងគោកបង្កើនកម្លាំងកងទ័ពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ទោះជាថៃមានចំនួនកងទ័ពច្រើនក្តី ប៉ុន្តែចំនួនកងទ័ពថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ាមានកំណត់ ។ ហេតុនេះ ថៃត្រូវតែបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យ ស្របពេលស្ថានការណ៍គ្រឿងញៀនជារួមល្អប្រសើរ ប៉ុន្តែបទល្មើសគ្រឿងញៀននៅព្រំដែនថៃ និងមីយ៉ាន់ម៉ា នៅតែមានចំនួនខ្ពស់ ដែលថៃត្រូវសហការទប់ស្កាត់ជាមួយប្រទេសជិតខាង ។
លោកជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាថ្នាំញៀន ប៉ុន្តែបើថៃពុំទប់ស្កាត់ការផលិតថ្នាំញៀនទេ ចំនួនថ្នាំញៀននឹងកើនឡើងខ្ពស់មិនខាន ។ ថៃចាំបាច់ត្រូវជជែកពីបញ្ហាថ្នាំញៀនជាមួយប្រទេសជិតខាង និងពិភពលោកដើម្បីជួយដោះស្រាយបញ្ហានេះ ៕










