លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានថ្លែងទៅកាន់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើទី៤៧ នាទីក្រុងប៉ារីស ប្រទេសបារាំង អំពីសំណង់ដែលចម្លងតាមគំរូប្រាសាទអង្គរវត្ត នៅក្នុងខេត្តបុរីរម្យ ប្រទេសថៃ ព្រមទាំងស្នើសុំអង្គការយូណេស្គូពិនិត្យមើលលើបញ្ហានេះ។

នៅថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីក្ដីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹងសំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សាជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌ នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។»

លោកជំទាវបានបន្តទៀតថា៖ បើទោះបីជាកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសារក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។
ក្នុងនោះលោកជំទាវក៏បានថ្លែងបទអន្តរាគមន៍ជាផ្លូវការមួយ ស្នើសុំទៅកាន់អង្គការយូណេស្គូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្គូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។

តាំងនាមតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕









