ខេត្តត្រាត៖ ត្រឹមតែខេត្តត្រាតមួយ ត្រូវបានគេប៉ាន់ស្មានថាបានខាតបង់ផ្នែកសេដ្ឋកិច្ចលើសពី ១ម៉ឺនលានបាត ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ការបិទច្រកព្រំដែនជាអចិន្ត្រៃយ៍នៅ Ban Had Lek ជាមួយប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នាថ្ងៃសុក្រ ទី១១ កក្កដា។
លោក Theeraj Athanavanich អគ្គនាយកនៃនាយកដ្ឋានគយកាលពីម្សិលមិញបានដឹកនាំការត្រួតពិនិត្យចំណុចព្រំដែនដែលបានបិទ បានឃើញថាហាងអាជីវកម្មក្នុងស្រុកជាង 90% បានបិទទ្វាដោយសារតែការផ្អាកពាណិជ្ជកម្មឆ្លងព្រំដែនរវាងកម្ពុជា-ថៃ។ ក្នុងនោះ ការនាំចូលគ្រឿងសមុទ្រកម្ពុជាតាមសមុទ្រក៏ត្រូវបានបញ្ឈប់ជាស្ថាពរផងដែរ។ លោក Theeraj បាននិយាយថា ការនាំចេញសរុបទៅកាន់កម្ពុជា ដែលជាធម្មតាមានតម្លៃប្រហែល 20 ពាន់លានបាតក្នុងមួយខែៗបានធ្លាក់ចុះជាគំហុក ដែលបណ្តាលឱ្យមានការខាតបង់លើសពី ១ម៉ឺនលានបាតចាប់តាំងពីព្រំដែនបានបិទកាលពី 14 ថ្ងៃមុន។ ហើយបច្ចុប្បន្ននេះ នាយកដ្ឋានគយកំពុងស្វែងរកដំណោះស្រាយ។.jpg)
ចំណែកលោក Anukul Pruksanusak អ្នកនាំពាក្យរងរដ្ឋាភិបាល បាននិយាយថា៖ ផ្លែឈើជាង 10,000 តោនត្រូវបានបញ្ជូនទៅកាន់ទីផ្សារក្នុងស្រុកតាមរយៈភាពជាដៃគូជាមួយទីផ្សារសើម អ្នកលក់រាយ និងក្រុមហ៊ុនអាកាសចរណ៍។ លោក ថា ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករនៃហាង 7-Eleven បានចាប់ផ្តើមទិញផ្លែមង្ឃុតដែលលក់មិនចេញដោយសារការបិទព្រំដែន ដោយចែកចាយទៅហាងចំនួន 8,200 កន្លែងនៅទូទាំងប្រទេសក្នុងតម្លៃត្រឹម 40 បាតក្នុងមួយគីឡូក្រាម។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បានសម្របសម្រួលជាមួយផ្នែកយោធា ដើម្បីដាក់ពង្រាយកម្លាំងទាហានក្នុងការជួយច្រូតកាត់ និងបេះផ្លែឈើតាមចម្ការ ខណៈដែលការបិទព្រំដែនបានធ្វើឲ្យពលករខ្មែរត្រឡប់ទៅប្រទេសកំណើតវិញអស់ បណ្ដាលឲ្យខ្វះខាតកម្លាំងពលកម្ម។
លោក Anukul បាននិយាយថា ពេលនេះសភាពាណិជ្ជកម្មថៃកំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលខ្លី និងរយៈពេលវែង ដើម្បីជួយជំរុញឲ្យមានការកែច្នៃ និងកែលម្អលទ្ធភាពដែលត្រូវទទួលបានលើទីផ្សារ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏កំពុងអំពាវនាវឲ្យកសិករ រក្សាភាពជឿជាក់លើរដ្ឋាភិបាល ព្រោះផែនការក្នុងការបង្កើនការលក់ និងកាត់បន្ថយផលប៉ះពាល់នៃរបាំងនាំចេញនៅពេលរដូវប្រមូលផលកាត់កំពុងដំណើរការ៕










