ប្រទេសថៃ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា រដ្ឋាភិបាលថៃនឹងលុបបំបាត់ឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជាឱ្យអស់ ក្រោយពីតុលាការថៃចេញដីកាឱ្យសមត្ថកិច្ច Cyber ចាប់ខ្លួនលោកឧកញ៉ា កុក អាន ហើយរដ្ឋាភិបាលថៃនៅតែបន្តអនុវត្តគោលនយោបាយកាត់ផ្តាច់អគ្គិសនី ទឹក អ៊ីនធើរណេត និងប្រេងឥន្ធនៈដើម្បីកម្ចា.ត់ឧក្រិដ្ឋ.កម្មឆ្លងដែន ព្រមទាំងប្រាប់ទៅប្រទេសនានាថា កម្ពុជា ជាទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែនដ៏ធំលើពិភពលោកដើម្បីរួមគ្នាទប់ស្កាត់ ។
លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃទី១០ ខែកក្កដា ថា រដ្ឋាភិបាលថៃបានទទួលរបាយការណ៍ពីមេបញ្ជាការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យាពីការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដោយចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកនៅពីក្រោយខ្នងជាបន្តបន្ទាប់ ។ ថ្មីៗនេះ សមត្ថកិច្ច Cyber បានទទួលដីកាពីតុលាការឱ្យចាប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ពីបទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន បោកប្រាស់ពលរដ្ឋថៃ និងជនបរទេសទូទាំងពិភពលោក ។
សមត្ថកិច្ចបានឆ្មក់ឆែកឆេរទីតាំង១៩កន្លែង នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន និងខេត្តឈុនបុរី បណ្តាញរបស់លោក កុក អាន ជាម្ចាស់ Crown Casina Resort អគារកម្ពស់២៥ជាន់, អគារ១៨ជាន់ និងអគារ Hiso ដោយចោទប្រកាន់ថា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំស្ថិតនៅទីក្រុងប៉ោយប៉ែត ទល់មុខស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។
សមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានអនុវត្តគោលនយោបាយតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីតាំងពី៣ខែមុន ឱ្យចាប់ខ្លួនក្រុមពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកនៅពីក្រោយខ្នង ។ សមត្ថកិច្ចក៏ទទួលបានសេចក្តីរាយការណ៍នៅមានឧក្រិដ្ឋកម្មឆ្លងដែនជាច្រើនក្រុមទៀតដែលបោកប្រាស់ពលរដ្ឋតាមវិធីដដែលៗ និងការផ្ញើសារ SMS មកជនរងគ្រោះ ។ រដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយបង្ក្រាបបទល្មើសបន្តទៀត ហើយរំពឹងថា នៅខែកក្កដា ឆ្នាំ២០២៥នេះ នឹងអាចបង្ក្រាបបទល្មើសកាន់តែច្រើន ។
រដ្ឋាភិបាលថៃនៅតែបន្តអនុវត្តគោលនយោបាយកាត់ផ្តាច់អគ្គិសនី ទឹក និងបណ្តាញអ៊ីនធើរណេតដើម្បីទប់ស្កាត់ក្រុមឧក្រិដ្ឋកម្មទាំងនេះ ហើយរដ្ឋាភិបាលនឹងប្រាប់ទៅប្រទេសទាំងអស់ថា កម្ពុជា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោកដើម្បីរួមគ្នាទប់ស្កាត់ ។ នេះបើតាមលោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃតែងតែព្យាយាមលាបពណ៌កម្ពុជាម្តងហើយម្តងទៀតថា កម្ពុជា ជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំលើពិភពលោក ប៉ុន្តែរដ្ឋាភិបាលថៃពុំដឹងថា ថៃជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនទេ ។ ថៃ គឺជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដ៏ធំ ដែលជនខិលខូចតែងតែបោកប្រាស់តារាសម្តែងចិនជាបន្តបន្ទាប់ឱ្យមកថៃ រួចបញ្ជូនទៅមីយ៉ាន់ម៉ា រហូតធ្វើឱ្យភ្ញៀវទេសចរចិនខ្លាចពុំហ៊ានមកលេងថៃ ។ រីឯថៃពង្រឹងបិទច្រកព្រំដែនជាមួយកម្ពុជា គឺជាវិធានការកុំឱ្យឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងចែកចាយគ្រឿងញៀនឆ្លងដែនពីថៃចូលមកកម្ពុជា ៕










