ខ្សែភាពយន្តហុងកុងរបស់ TVB មានចំណងជើងថា «តម្រុយមរណៈ » (Anonymous Signal) ដែលរួមបញ្ជូលនឹងបច្ចេកវិទ្យា AI កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងសូម្បីតែទៅទស្សនាការប្រគំតន្រ្តីអ្នកគាំទ្រម្នាក់ក៏នៅបន្តតាមដាន។ ឃើញសន្ទុះគាំទ្រខ្លាំងក្នុងប្រទេសកម្ពុជាតួរងស្រី ក្នុងរឿងនេះចេញមកបង្ហោះអរគុណអ្នកគាំទ្រកម្ពុជាតែម្តងខណៈតួរងប្រុសវិញអ្នកគាំទ្របង្ហាញថាលោកមានចរិតរួសរាយ។
តារាសម្តែង Tiffany Lau សម្តែងជា ចាលី បានបង្ហោះរូបភាពជាមួយនឹងតារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង កាលពីយប់ថ្ងៃទី៧ កក្កដា ថា «សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រ និងអ្នកគាំទ្រដ៏អស្ចារ្យទាំងអស់នៅក្នុងប្រទេសកម្ពុជា! ពួកយើងពិតជារំភើបណាស់ដែលបានទទួលដំណឹងថា «តម្រុយមរណៈ» ត្រូវបានចាក់ផ្សាយជូនអ្នកទាំងអស់គ្នា! នាងបានឃើញ tags និងឃ្លីបដែលអ្នកគាំទ្រ បានបង្ហោះនៅលើបណ្តាញសង្គម ហើយនាងមានភាពកក់ក្តៅក្នុងចិត្ត អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រដ៏ច្រើនដល់ពួកយើង! យើងរីករាយណាស់ដែលអ្នករីករាយនឹងរឿងភាគនេះ»។
សម្រាប់តារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង វិញត្រូវបានអ្នកគាំទ្រសរសើរថាមានចរិតរួសរាយជាមួយអ្នកគាំទ្រដោយលោកបានចែករំលែកបន្តពីការបង្ហោះរបស់អ្នកគាំទ្រនៅលើ Story IG របស់លោកផងដែរ។
រឿង «តម្រុយមរណៈ » (Anonymous Signal) បានចាប់ផ្តើមចាក់ផ្សាយនៅលើឆាណែលយូធូប TVB Cambodia Drama កាលពីថ្ងៃទី២៨ មិថុនា ចំនួនពីរភាគជារៀងរាល់ថ្ងៃ។
រឿងនេះមានសរុបចំនួន៣០ភាគ ដែលមានឈុតឆាកអាថ៌កំបាំងវាយតប់ ស៊ើបអង្កើត ធ្វើឱ្យអ្នកទស្សនាជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង៕