ថៃ ៖ ក្រសួងការបរទេសថៃ អំពាវនាវឱ្យកម្ពុជាត្រលប់ទៅតុចរចាតាមរយៈគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្ត ជំនួសឱ្យការបង្កើនបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

យោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថា ប្រទេសថៃបានច្រានចោលការចោ.ទប្រកាន់របស់កម្ពុជា ដែលថាថៃបានរំខានដំណើរការចរចាទ្វេភាគីតាមរយៈ JBC ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាសម្រេចដាក់ពាក្យបណ្ដឹ.ងទៅតុលាការយុត្តិធម៌អន្តរជាតិ លើទីតាំងជម្លោះចំនួន ៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយអះអាងថាជារបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងការបរទេសថៃបានកត់សម្គាល់ថា៖ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឆ្នាំ 2000 (ព.ស. 2543) ដោយប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនផ្តាច់មុខតាមរយៈយន្តការ JBC ។ ក្រសួងការបរទេសថៃបានសង្កត់ធ្ងន់ថា MoU មិននិយាយអំពី ICJ ឬយន្តការភាគីទីបីណាមួយផ្សេងទៀតសម្រាប់ការដោះស្រាយវិវាទនោះទេ ដូច្នេះហើយកម្ពុជាមានកាតព្វកិច្ចគោរពកិច្ចព្រមព្រៀងដោយការចូលរួមតាមរយៈ JBC ។
ក្រសួងបានបន្ថែមថា “ដូច្នេះការណ៍ដែលថៃមិនចង់ដោះស្រាយនៅ ICJ មិនមែនជាការបំពានលើលក្ខខណ្ឌនៃ MoU នោះទេ។ ថៃតែងប្រើយន្តការ JBC ជាមួយប្រទេសជិតខាងផ្សេងទៀត”។ ក្រសួងបានចង្អុលបង្ហាញថា “ប្រទេសថៃបានប្រើប្រាស់យន្តការ JBC បានដោយជោគជ័យដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រួមទាំងម៉ាឡេស៊ី និងឡាវផងដែរ។ ក្នុងករណីទាំងពីរនេះ ជាង ៩០% នៃការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់រួចរាល់ហើយ។.jpg)
ប្រទេសថៃបានរង់ចាំអស់រយៈពេលជាង១២ឆ្នាំសម្រាប់កម្ពុជាដើម្បីបន្តកិច្ចពិភាក្សារបស់ JBC។ កិច្ចប្រជុំថ្មីបំផុតដែលបានធ្វើឡើងនៅថ្ងៃទី 14 និង 15 ខែមិថុនា នៅក្នុងទីក្រុងភ្នំពេញ គឺជាការប្រជុំលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍។
ដូចនេះ ថៃនៅតែរំពឺងថាកម្ពុជាខ្លួនឯងនឹងគោរព MoU ព្រមទាំងចូលរួមការចរចាទ្វេភាគីតាមរយៈយន្តការ JBC ដែលមានស្រាប់ ជាជាងការឡើងទៅ ICJ ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី៕










