ប្រទេសថៃ ៖ ទំនងប្រើប្រាស់យុទ្ធសាស្ត្រអស់គ្មានប្រសិទ្ធភាពហើយ ទើបរត់មករកមេធំដែលដឹងច្បាស់ខាងផែនទីវិញម្តង នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅបញ្ចុះបញ្ចូលប្រធានាធិបតីបារាំងឱ្យជួយគាំទ្រសហការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីគោលជំហររបស់ថៃ គឺចង់បានទ្វេភាគី មិនចង់ឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទូរស័ព្ទទៅប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីពង្រឹងទំនាក់ទំនង ហើយថៃសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងសហការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Thai Press ។

បើតាមការអះអាងលោកស្រី ផេថងថាន គឺប្រធានាធិបតីបារាំង លោក Emmanuel Macron រីករាយដែលបានជជែកជាផ្លូវការលើកដំបូងជាមួយលោកស្រីតាំងពីឡើងកាន់តំណែងមក ។ លោកស្រីបានបញ្ជាក់ពីការតាំងចិត្តពង្រឹងទំនាក់ទំនងរវាងថៃ និងបារាំង ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ។.jpg)
លោកស្រី ផេថងថាន ប្រាប់ទៅប្រធានាធិបតីបារាំងថា ថៃផ្តល់ភាពសំខាន់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រដ្ឋាភិបាលថៃបានចាត់វិធានការខ្លាំងក្លាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអ៊ីនធើរណេត ដោយសហការជាមួយប្រទេសជិតខាង និងបារាំង ។
លោកស្រីបានបញ្ជាក់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា ថៃប្រកាន់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ និងឈរលើមូលដ្ឋានមិត្តភាពល្អជាមួយប្រទេសជិតខាង ហើយថៃនឹងសាមគ្គីជាមួយអាស៊ាន និងគោរពច្បាប់អន្តរជាតិ ។ ថៃមើលឃើញថា ការចរចាទ្វេភាគីមានប្រសិទ្ធភាពបំផុតក្នុងការរកដំណោះស្រាយ និងផលប្រយោជន៍រួមគ្នា ។.jpg)
ថៃនៅតែគាំទ្រឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ហើយសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ ប្រធានាធិបតីបារាំងបានជ្រាបពីគោលបំណងរបស់ថៃ និងពិចារណាសម្របសម្រួលជាមួយកម្ពុជា ។
ភាគីទាំងពីរក៏បានពិភាក្សាពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្ថានការណ៍មីយ៉ាន់ម៉ា ដោយថៃប្រកាន់នូវជំហរបញ្ឈប់ការបាញ់គ្នា និងប្រើប្រាស់អំពើហិង្សារបស់គ្រប់ភាគី ហើយថៃនឹងជំរុញសន្តិភាពនៅមីយ៉ាន់ម៉ា ក៏ដូចជាគាំទ្រតួនាទីរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន ។
លោកស្រី ផេថងថាន រីករាយបើប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចមកប្រទេសថៃជាផ្លូវការ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie : OIF) ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៦ ។ ប្រធានាធិបតីបារាំងក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃធ្វើដំណើរទស្សនកិច្ចទៅបារាំងជាផ្លូវការ រួមទាំងអញ្ជើញចូលរួមប្រជុំ «Paris Peace Forum» នៅបារាំង ។
ភាគីទាំងពីរមើលឃើញពីស្ថានភាពបច្ចុប្បន្នមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលភាគីទាំងពីរត្រូវសហការបន្ថែម ជាពិសេស ផ្នែកពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីទាំងពីរជឿជាក់លើកិច្ចសហការផ្អែកលើគោលការណ៍អន្តរជាតិ ខណៈបារាំងនឹងសហការជាមួយថៃផ្នែកសន្តិសុខ បច្ចេកវិទ្យាអវកាស ។ ថៃបានអរគុណបារាំងដែលគាំទ្រការចូលរួមជាសមាជិក OECD និងសង្ឃឹមថា បារាំងនឹងគាំទ្រការចរចា FTA ថៃ-សហភាពអឺរ៉ុប ៕










