កញ្ញា ឈុំ ចាន់ដារ៉ា បានបរាជ័យក្នុងការប្រកួត Miss Supranational 2025 ដែល      ប្រព្រឹត្រទៅនៅលើទឹកដីប្រទេសប៉ូឡូញ។ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោស មកកាន់អ្នកគាំទ្ររបស់ខ្លួននិងប្រជាជនកម្ពុជាដែលនាងមិន អាចចូល TOP នៅក្នុងការប្រកួតនេះបាន។

វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីសម្រស់ Miss Supranational 2025 បានប្រព្រឹត្តនៅរាត្រី ថ្ងៃទី២៧ មិថុនា ត្រូវនឹងវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី២៨ មិថុនា ម៉ោងនៅកម្ពុជា។ ក្នុងការប្រកួតនេះមានបេក្ខភាពចូលរួមសរុប៦៦នាក់ដោយអ្នក តំណាងកម្ពុជាគឺជាកញ្ញា ឈុំ ចាន់ដារ៉ា ដែលនាងគឺជាតារាសម្តែងម្នាក់។ យ៉ាងណាមិញការប្រកួតតំណាងប្រទេសរបស់ ឈុំ ចាន់ដារ៉ា បានបរាជ័យមិនអាចបើក ទ្វារកម្ពុជាចូលTOP នោះទេ។

ក្រោយពីមិនមានឱកាសនាំកម្ពុជាចូល TOP បាន ឈុំ ចាន់ដារ៉ា បានបង្ហោះសំណេរយ៉ាងខ្លីនៅលើ បណ្តាញសង្គមហ្វេកប៊ុកដោយពោលពាក្យសូមទោសយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងការបរាជ័យលើកនេះ។ ទោះជាយ៉ាងណា អ្នកគាំទ្របានខម្មិនលើកទឹកចិត្តទៅកាន់ ឈុំ ចាន់ដារ៉ា ថានាងពិតជាធ្វើបានល្អឡើងសម្រាប់តំណាងប្រទេសកម្ពុជាទោះបីជាមិនជាប់ក្នុងការប្រកួតក្តី ព្រោះអ្នកគាំទ្របានឃើញយ៉ាងច្បាស់ថានាងពិតជាប្រឹងប្រែងការប្រកួតនេះអស់ពី សមត្ថភាពហើយ ហើយនាងពិតជាស័ក្តិសមតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ជាមួយគ្នានេះ លីវ ជីលី ដែលជា Miss Supranational Cambodia 2023 ក៏បានបង្ហោះការសោកស្តាយនិងលើកទឹកចិត្តទៅដល់ Miss Supranational Cambodia 2025 ដូចគ្នា។
គួរឱ្យដឹងថាការប្រកួត Miss Supranational 2025 ជ័យជម្នះបានទៅលើប្រទេសប្រេស៊ីល ខណៈប្រទេសក្នុងតំបន់អាស៊ានដែលមានឱកាសចូល TOP5 គឺបានទៅលើប្រទេសហ្វីលីពីនដោយបានជាប់លំដាប់រងទី៣ ក្នុងការប្រកួតនេះ៕
 
		 
	









