ប្រទេសថៃ ៖ ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គមថៃ បានដាស់តឿនពលរដ្ឋថៃកុំជឿព័ត៌មានក្លែងក្លាយពីការបិទព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង ហើយសំណូមពរឱ្យពលរដ្ឋជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលប៉ុណ្ណោះ ។ ការផ្សព្វផ្សាយព័ត៌មានពីការបិទព្រំដែននេះ គឺជាព័ត៌មានក្លែងក្លាយ ខណៈអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃនិយាយថា មានការផ្សាយព័ត៌មានបំភ្លើសក្នុងបណ្តាញសង្គមដែលអាចធ្វើឱ្យពលរដ្ឋយល់ខុស និងភ័យស្លន់ស្លោ ។
បើតាមការត្រួតពិនិត្យទិន្នន័យឃើញថា មានព័ត៌មានបំភ្លើសពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃ សរុបចំនួន៣៣ព័ត៌មាន ព័ត៌មានក្លែងក្លាយចំនួន៩ ជាពិសេស ព័ត៌មានពាក់ព័ន្ធនឹងការបិទព្រំដែន ខណៈភ្នាក់ងារសន្តិសុខថៃក៏បានបញ្ជាក់ដែរថា ព្រំដែនកម្ពុជា-ថៃទាំងអស់បើកទ្វារធម្មតា ។
ព័ត៌មានមួយចំនួនបានប្រើប្រាស់រូបភាពបង្កើតដោយបច្ចេកវិទ្យា AI និងសរសេរខុសដើម្បីឱ្យអ្នកអានយល់ច្រឡំ ។ ហេតុនេះ ពលរដ្ឋគួរតែជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាល និងសារព័ត៌មានធំៗប៉ុណ្ណោះ រួមទាំងគួរពិនិត្យមើលឱ្យច្បាស់លាស់មុនពេលចែកចាយក្នុងបណ្តាញសង្គម ។ បើពលរដ្ឋណាម្នាក់ចែកចាយព័ត៌មានក្លែងក្លាយ គឺជាការល្មើសនឹងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ នឹងមានទោសជាប់ពន្ធនាគារ រួមទាំងត្រូវពិន័យជាប្រាក់ ។ នេះបើតាមការលើកឡើងរបស់ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គមថៃ ។.jpg)
គួរបញ្ជាក់ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក និកនឌេត ផ្លាំងគូន បាននិយាយកាលពីថ្ងៃទី២៤ ខែមិថុនា ថា ថៃពុំបានបិទព្រំដែន ឬពុំនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជាទេ គ្មានការផ្លាស់ប្តូរអ្វីទាំងអស់ក្នុងគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃនៅតែដំណើរការធម្មតា គ្មានការផ្អាកឡើយ ។.png)
ប្រទេសថៃពុំបានបិទព្រំដែនជាប់កម្ពុជាទេ ច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតា គ្រាន់តែថៃរឹតបន្តឹងការឆ្លងដែនដើម្បីសុវត្ថិភាពពលរដ្ឋ និងទប់ស្កាត់ការឆបោកតាមអនឡាញ ។ គ្រប់ច្រកព្រំដែនជាប់កម្ពុជាទាំងអស់ គឺថៃអនុញ្ញាតឱ្យឆ្លងដែនតាមគោរពគោលការណ៍មនុស្សធម៌ រួមទាំងបុគ្គលមានការចាំបាច់ ដូចជា ៖ អ្នកជំងឺបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ និងកូនសិស្ស ៕










