ថ្មីៗនេះអ្នកសិល្បៈមួយចំនួនបានចេញប្រតិកម្មបន្ទាប់ពីមានការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមអំពីអ្នកសិល្បៈមិនតបតទៅកាន់ផ្ទះលេខ២ដោយគិតថាពួកគេមិន ស្នេហាជាតិ។ ទន្ទឹមនឹងមានការជជែកវែកញែក នីគីនីគី ដែលជាអ្នក ចម្រៀង និងអ្នកបង្កើតមាតិកាផ្តល់សំណើចមកកាន់ទស្សនិកជនបានចេញ វីដេអូបកស្រាយចំនួន៧នាទីជាមួយនឹងការបញ្ជាក់ហេតុផលច្បាស់ៗ។

នៅយប់ថ្ងៃទី២៧ ខែមិថុនា តារាចម្រៀង នីគីនីគី បានបង្ហោះវីដេអូអមដោយចំណងជើង ថា «បញ្ជាក់៖ វីដេអូនេះខ្ញុំសំដៅលើបងប្អូនមួយចំនួនដែលរំអុកតារាខ្មែរយើងឱ្យចេញទៅ តបត ឬប្រតិកម្មនឹងចំហាយពីអ្នកជិតខាង រឿងនយោបាយ និងអ្វីផ្សេងៗទៀតឱ្យ តែថាក្ដៅគគុក។ អ្នកសិល្បៈបានបង្ហាញ និងបន្តបង្ហាញឆន្ទៈស្នេហាជាតិរាប់មិនអស់ទេ ក្រែងឃើញរហូតតើហ្អី តាមរយៈកម្មវិធី ចម្រៀង ការស្លៀកពាក់ ការផ្សព្វផ្សាយ ទាំងពេលដែលមានរឿង ឬគ្មានរឿង តែតាមបែបផែនរបស់គេ។ អ្នកស្នេហាជាតិក៏មាន អ្នកមិនសូវចេះរ៉ាយរ៉ាប់ច្រើន អ្នកធ្វើក្រៅបណ្ដាញសង្គម និងអ្នកដែលតាមមិនសូវ ទាន់គេដែរ។ ពេលសំឡេងអ្នកឈ្លោះគ្នាលឺខ្លាំងពេកទៅ វាហាក់ដូចជាមកលុប សកម្មភាពពីមុន និងបច្ចុប្បន្នពួកខ្ញុំអស់។ ខឹងគេ កុំមកចោទ ឬវាយប្រហារគ្នាឯងអី!»។

ក្នុងវីដេអូនេះ នីគីនីគី បានពន្យល់មួយៗអំពីបញ្ហាដែលកំពុងកើតឡើងនៅលើបណ្តាញសង្គមហើយក្នុងនាមជាអ្នកសិល្បៈមួយរូបក៏មានខ្លួនដូចគ្នានៅពេលមានគេបង្ហោះពីអ្នកសិល្បៈហើយការនិយាយរបស់នាងមិនមែនតែរឿងថ្មីៗនេះដែលមានបញ្ហាជាមួយនឹងប្រទេសជិតខាង ប៉ុន្តែមានរឿងជាច្រើនទៀតដែលហាក់ដូចជាអយុត្តិធម៌សម្រាប់អ្នកសិល្បៈ។
នៅក្នុងវីដេអូនេះដែរកញ្ញា នីគីនីគី បានបង្ហាញពីចំណុចគោលៗមួយចំនួនដូចជា ចំណុចទី១ ទាក់ទងនឹងសិទ្ធការបញ្ចេញមតិឬការមិនបញ្ចេញមតិ។ ទី២គឺសកម្មភាពនៅក្រុមបណ្តាញសង្គមស្រាប់៖ ត្រង់ចំណុចនេះកញ្ញាបានពន្យល់ថានាងមានសមាជិកគ្រួសារស្ថិតនៅក្រសួងការពារជាតិ ដូច្នេះនាងមិនចាំបាច់ពន្យល់ច្រើននោះទេ ហើយអ្នកដទៃទៀតអាចមានសមាជិកធ្វើការតាមស្ថាប័នផ្សេងៗដែលបញ្ជាក់ពីកិច្ចការភារៈកិច្ច ទំនួលខុសត្រូវរបស់ខ្លួន។ 
ចំណុចមួយទៀត នីគីនីគី ថា មិនយល់មិនដឹង មិនទាន់ គឺមិនខុស  ព្រោះគ្មានអ្នកណាដែលដឹងអស់នោះទេ ហើយនិយាយទៅខ្លាចខុស ជាក់ស្តែងដូចជាខ្លួននាងខ្លាំងខាងអ្វីគឺផ្តោតខាងហ្នឹង។  ចំពោះពេលវេលាវិញ នីគីនីគី ថាមនុស្សម្នាក់ៗគឺមានពេលខុសគ្នាបើសិនជាកំពុងតែមមាញឹកហើយត្រូវឆ្លៀតមកផុសដើម្បីឱ្យគេរាប់វាហាក់បីដូចជាសម្ពាធពេក។ តារាចម្រៀងរូបនេះថា ការដែលមនុស្សម្នាក់មមាញឹកជាមួយនឹងការងារក៏ជារួមចំណែកចម្រើនសេដ្ឋកិច្ចដែរ។
នីគីនីគី បានបង្ហាញចំណុចមួយទៀតអំពីការបង្ហោះបង្កើតឱ្យមានសន្តិភាពមិនមែនបង្កើតឱ្យមានបញ្ហាដោយនាងបញ្ជាក់ចុងក្រោយថា បណ្តាញសង្គមគឺអាចចម្រើនហើយក៏អាចបំផ្លាញមនុស្សម្នាក់ដូចគ្នា។
ការបកស្រាយរបស់ នីគីនីគី គេសង្កេតឃើញថា មានអ្នកសិល្បៈមួយចំនួនបង្ហាញការយល់ស្របគាំទ្រការលើកឡើងរបស់នាង៕
 
		 
	









