ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនអំពីអ្នកសិល្បៈជុំវិញបញ្ហាចម្រូងចម្រាសខ្មែរនិងថៃ។ យ៉ាងណាមិញតារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថានេះជាពេលដែលយើងរួបរួមគ្នាមិនមែនជាពេលដែលត្រូវប្រកួតប្រជែងយកតំណែងតួឯកទេ។
លោក ណុប បាយ៉ារិទ្ធ បានបង្ហោះនៅលើបណ្តាញសង្គមក្នុងន័យដាស់តឿនកុំឱ្យខ្មែរនិងខ្មែរឈ្លោះប្រកែកគ្នាថា «ម៉ោងនេះពេលនេះតទៅ ជាពេលវេលាដែលពួកយើងជាប្រជាជនរួមគិត រួមធ្វើដើម្បីជាតិមាតុភូមិមិនមែនជាពេលវេលាប្រជែងយកតំណែងតួឯកសម្រាប់ខ្លួនឯងនៅក្នុងបណ្តាញសង្គមហើយមកវាយប្រហារខ្មែរដូចគ្នាទេ។ ក្នុងនាមជាប្រជាជនកម្ពុជា ទាំងខ្ញុំទាំងគេ អាចធ្វើអ្វីបាន យើងនិងធ្វើ ធ្វើក្នុងកម្រិតណាមួយ រូបភាពណាមួយ ដោយប្រើប្រាស់សេចក្តីថ្លៃថ្នូរនិងវិចារណញ្ញាណ»។
តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសរូបនេះបានបន្តទៀតថា « ទង្វើរបស់យើងស្តែងអោយឃើញពីឆន្ទៈដ៏មោះមុតក្នុងការចូលរួមឈឺឆ្អាល ការពារ និង រក្សាតម្លៃនៃជាតិរបស់យើងដោយមិនព្រមឱ្យជាតិសាសន៍ណាមួយបំពាន ឬ ជាន់ឈ្លីបានឡើយ ។ បើទោះជាស្ថិតក្នុងកាលៈទេសៈណា ក៏យើងនៅតែរក្សាស្មារតីថែរក្សាពីគុណតម្លៃនៃជាតិសាសន៍យើង ក្នុងនាមជាកូនខ្មែរ ធ្វើអីមួយក៏នៅតែរក្សាកិត្តិនាមរបស់ប្រទេសជាតិមិនឱ្យអាប់អោនដោយសារយើងឡើយ ។ ហើយយើងក៏មិនយកគំរូតាមប្រជាជនរបស់បច្ចារមិត្តដែលមានចរិត ព្រហើន ឈ្លើយ ទំនើង ដូចមនុស្សគ្មានមេបាប្រដៅដែរព្រោះទង្វើទាំងអស់នោះមិនបានបង្ហាញពីកម្រិត យល់ដឹងនិងផ្តល់នៅគុណតម្លៃសម្រាប់គេឡើយ។ 
លោក ណុប បាយ៉ារិទ្ធ បន្ថែមទៀតថា «បើទោះជាយើងចង់តបតក៏តបតបែបចាស់ទុំ ថ្លៃថ្នូរ មិនមែនបែបផ្សារត្រី ឬ បែបជនពាលតាមចិញ្ចើមថ្នល់នោះទេ។ សូមកុំធ្វើជាកូនដែល ឈ្លើយខ្វះការអប់រំ នាំឱ្យគេប្រមាថដល់អាណាព្យាបាល។ យើងមានជីវិតលើទឹកដីកំណើត ដ៏ពិសិដ្ឋជាកូនខ្មែរដែលមានឈាមជ័រនៃបុព្វបុរសដ៏អង់អាចក្លាហានរស់រានមានជីវិតសព្វថ្ងៃក្រោមម្លប់នៃសន្តិភាពក្រោមការបីបាច់ថែរក្សារបស់លោកឪពុកវីរបុរសជាតិគឺសម្តេចតេជា និង សម្តេចបវរធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកពិតជាមិនព្រមឱ្យជាតិសាសន៍ណាមួយ មកធ្វើបាបប្រជាជនខ្មែរនិងប្រទេសកម្ពុជាឡើយ»។
.png)
គួរបញ្ជាក់ផងដែរថា ការចេញមុខរបស់លោក ណុប បាយ៉ារិទ្ធ ឱ្យខ្មែររួបរួមគ្នាកុំប្រជែងយកតំណែងជាតួឯកនេះដោយសារតែមានការបង្ហោះដាក់បន្ទុកទៅដល់អ្នកសិល្បៈដែលមិនចេញតបតពេលតារាថៃជេរខ្មែរហើយថាតារាខ្មែរសំងំយកសុខ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការបង្ហោះថា តារាល្បីៗមួយចំនួនមិនចេញប្រតិកម្មសៀមដោយសារតែជាប់ Sponsor ជាដើម។ រឿងនេះបានជំរុញឱ្យអ្នកសិល្បៈជាច្រើនចេញមុខមកតបត៕










