កូរ៉េខាងជើងបានបើករមណីយដ្ឋានឆ្នេរសមុទ្រថ្មីមួយឈ្មោះ Wonsan-Kalma Coastal Tourist Area ដែលស្ថិតនៅលើឆ្នេរសមុទ្រផ្នែកខាងកើត ក្នុងក្រុង Wonsan។ គម្រោងនេះត្រូវបានគេសង្កេតឃើញថា ជាការប្រឹងប្រែងរបស់មេដឹកនាំ គីម ជុងអ៊ុន ដើម្បីជម្រុញវិស័យទេសចរណ៍ និងបង្កើនចំណូលសេដ្ឋកិច្ច ក្នុងប្រទេសដែលត្រូវបានបិទខ្ទប់យ៉ាងតឹងរឹងក្នុងរយៈពេលជាយូរមកហើយ។

រមណីយដ្ឋាននេះត្រូវបានប្រកាសបើកជាផ្លូវការសម្រាប់ភ្ញៀវទេសចរជាតិចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីការពន្យាពេលសាងសង់អស់រយៈពេល ៦ ឆ្នាំ។ ទោះបីជាយ៉ាងណា សម្រាប់ភ្ញៀវបរទេសនៅឡើយមិនទាន់ត្រូវបានអនុញ្ញាតនៅឡើយទេ។ នេះបើតាមប្រភព BBC។
យោងតាមព័ត៌មានរដ្ឋ KCNA រមណីយដ្ឋាននេះអាចទទួលភ្ញៀវបានដល់ទៅ ២០,០០០ នាក់ និងមានបរិក្ខារប្រណិតរួមមាន សណ្ឋាគារ ភោជនីយដ្ឋាន មណ្ឌលទំនិញ សួនទឹក និងកន្លែងកម្សាន្តផ្សេងៗទៀត។ វាបានស្ថិតនៅលើផ្ទៃដីប្រវែងប្រហែល ៤ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុង Wonsan គឺជាទីកន្លែងដែលគេជឿថា លោក គីម ជុងអ៊ុន បានធំធាត់ និងជាទីក្រុងដែលមានតែលំដាប់អភិជនកូរ៉េខាងជើងប៉ុណ្ណោះដែលនៅទីនេះ។

គួររំលឹកថា គម្រោងនេះត្រូវបានគេគ្រោងបើកតាំងពីខែតុលា ឆ្នាំ ២០១៩ មកម្លេះ ប៉ុន្តែដោយសារជួបបញ្ហាសំណង់ និងវិបត្តិជំងឺរាតត្បាត COVID-19 ដែលបានបង្ខាំងឲ្យពន្យាពេលកាន់តែយូរ។ បច្ចុប្បន្ន ប្រទេសកម្មុយនិស្តនេះ បានបើកចំហព្រំដែនវិញជាបន្តបន្ទាប់ តែភ្ញៀវបរទេសមានចំនួនតិចតូចប៉ុណ្ណោះ ដែលភាគច្រើនមកពីរុស្ស៊ី ត្រូវបានអនុញ្ញាតឲ្យចូលទៅតំបន់ជាក់លាក់ខ្លះៗ។

អ្នកជំនាញខាងទេសចរណ៍បានលើកឡើងពីភាពមិនប្រាកដប្រជា និងសង្ស័យចំពោះសមត្ថភាពរបស់រមណីយដ្ឋាននេះក្នុងការទាក់ទាញភ្ញៀវទេសចរណបរទេស។ លោក Rowan Beard, សហស្ថាបនិកក្រុមហ៊ុន Young Pioneer Tours បានប្រាប់ BBC ថា “ខ្ញុំបានសង្ឃឹមថា នេះអាចជាសញ្ញាដ៏ល្អមួយសម្រាប់ការបើកយ៉ាងទូលំទូលាយសម្រាប់ទេសចរបរទេស ប៉ុន្តែវាមិនបង្ហាញថា នឹងមានការបើកជាសាធារណៈនៅពេលជិតនេះឡើយទេ។” លោកបន្តថា សម្រាប់ភ្ញៀវបរទេសភាគច្រើន ជាពិសេសអ្នកខាងលិច តំបន់ដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រទេសនេះនឹងនៅតែជាទីក្រុង ព្យុងយ៉ាង, ព្រំដែន DMZ, និងស្ថាបត្យកម្មបែបកុម្មុយនិស្ត។
.png)
ម្យ៉ាងវិញទៀត លោក Elliott Davies ប្រធានក្រុមហ៊ុន Uri Tours បានលើកឡើងថា កូរ៉េខាងជើងមានភាពទាក់ទាញជាប្រភេទ “ទីតាំងប្លែកៗ” សម្រាប់អ្នកធ្វើដំណើរដែលចង់ទទួលបទពិសោធន៍ខុសពីធម្មតា។ លោកបាននិយាយថា “វាជាការចាប់អារម្មណ៍ក្នុងការមើលឃើញរមណីយដ្ឋានឆ្នេរដែលមានរចនាបទ និងវប្បធម៌បែបកូរ៉េខាងជើង បែបដែលយើងមិនធ្លាប់ឃើញនៅកន្លែងផ្សេងទេ។”
ត្រឡប់ទៅ កាលពីថ្ងៃទី ២៤ ខែមិថុនា លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីអបអរបើកដំណើរការជាផ្លូវការរបស់រមណីយដ្ឋាននេះ ជាមួយកូនស្រីរបស់លោក គីម ជូអេ និងភរិយា រី សូលជូ ដែលជាការបង្ហាញខ្លួនជាសាធារណៈដំបូងរបស់នាងក្រោយអវត្តមានអស់រយៈពេលច្រើនខែ។ បន្ថែមពីនេះ ក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ី និងបុគ្គលិកស្ថានទូត ដែលបានបញ្ជាក់ពីសម្ព័ន្ធភាពនយោបាយដ៏ជិតស្និទ្ធរវាងសេដ្ឋកិច្ចទេសចរណ៍ និងសម្ព័ន្ធភាពអន្តរជាតិ៕










